ព័ត៌មានជាតិ

សង្ស័យម្ចាស់ស្រវឹងខ្លាំង បើករថយន្តបុកពីក្រោយលុចស៊ីស ៤៧០ រួចប្រុងរត់ តែត្រូវជនរងគ្រោះកាក់ជាប់

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត។

ដំណើររឿង៖ មុនពេលកើតហេតុ គេគេឃើញបុរសម្នាក់ សង្ស័យស្រវឹងខ្លាំង បានបើករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-2007 ធ្វើដំណើរតាមផ្លូវលេខ៦៣ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ដោយបើករេពេញផ្លូវ។

លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគូថរថយន្តលុចស៊ីស LX470 ពណ៌ទឹកមាស ពាក់ស្លាកលេខ សៀមរាប 2B-2032 ដែលចតស្ងៀមនៅលើផ្លូវ បណ្ដាលឲ្យរងការខូចខាតបែកស្តុបក្រោយចំហៀងខាងឆ្វេង និងកាងក្រោយ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

ភ្លាមៗនោះអ្នកបើករថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់ទាំងរថយន្តរងការខូចខាត បានប្រហែល១០០ម៉ែត្រ ទើបម្ចាស់រថយន្តរងគ្រោះ ដេញឃាត់បាន។

បន្ទាប់មកភាគីទាំងសងខាង បានសម្របសម្រួលគ្នា ដោយខាងរថយន្តលុចស៊ីសទារសំណងថ្លៃខូចខាតចំនួន៦០០ដុល្លារ តែខាងរថយន្តបង្កឲ្យ៥០០ដុល្លារ ខាងរថយន្តរងគ្រោះ ក៏យល់ព្រម តែខាងរថយន្តបង្កអត់មានលុយឲ្យទៅវិញ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកដល់បែរ ជាបុរសបើករថយន្តបង្ក បាននិយាយពាក្យមិនសមរម្យដាក់សមត្ថកិច្ចទៀត ដោយឃើញថា ដោះស្រាយគ្នាមិនចេញ ទើបសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ៕

មតិយោបល់