ព័ត៌មានជាតិ

Update៖ សាច់ញាតិទួញសោកស្រណោះ គ្រាន់តែឮដំណឹង! បុគ្គលិកព្រលានយន្តហោះពោចិនតុង ជិះម៉ូតូតាមផ្លូវជួបគ្រោះអកុសល

ភ្នំពេញ: បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ PCX ១គ្រឿងចេញពីធ្វើការ បំណងត្រឡប់ទៅផ្ទះវិញ ក៏ដួលបោកក្បាលនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ខណ:ម៉ូតូអូសទៅមុខជិត ១០០ម៉ែត្រ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង ១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចមុខមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ខៀវ បូរ៉ាវីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកនៅព្រលានយន្តហោះពោចិនតុង ស្នាក់ផ្ទះលេខ៣០ ផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ក្រហម លាយស ពាក់ផ្លាកលេខ ភ្នំពេញ 1HT-1265 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ ក៏បានដួលបោកក្បាលជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗមួយរំពេច ខណ:ម៉ូតូអូសទៅមុខជិត១០០ម៉ែត្រ។

មួយសន្ទុះក្រោយមក គេឃើញសាច់ញាតិជនរងគ្រោះ បានមកដល់ទាំងទឹកមុខសោលសៅស្រែកទ្រហោយំ នឹកស្ដាយស្រណោះជនរងគ្រោះយ៉ាងខ្លាំងពន់ពេក ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញ ចុះមកធ្វើកំណត់ហេតុ រួចប្រគល់សព ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ៕

មតិយោបល់