ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ ករណីឃាតកម្មកាត់ជាកង់ៗ សល់តែខ្លួនបាត់ក្បាលមិនទាន់រកសាច់ញ្ញាតិឃើញ តម្កល់ទុកនៅវត្តស្ទឹងមានជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចស្រះទឹក តំបន់ឡុងឈិន ស្ថិតភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បុរសម្នាក់ទៅស្ទូចត្រីប៉ះចំថង់ខ្មៅមួយដែលនៅខាងក្នុងជាសាកសពមានសភាពរលេះរលួយ។

ដំណើររឿង៖ មុនពេលកើតហេតុ មានពលរដ្ឋម្នាក់ទៅអង្គុយស្ទូចត្រី ត្រង់ចំណុចខាងលើស្រាប់តែមានធំក្លិនភាយ ស្អុយៗដែរ តែមិននឹកស្មានដល់បែបនេះ គិតថាស្អុយកំប្លោករលួយ ស្អុយទឹក ចេះតែអង្គុយស្ទូចត្រី គ្រាន់ដោះគាប់ជួនអូសទាញមកជាប់ថង់ខ្មៅ ក្លិនកាន់តែស្អុយ កើតចម្ងល់ក៏ទាញមកលើគោកហែកថង់ខ្មៅខាងលើមើល ស្រាប់តែប្រទះឃើញសាកសពមនុស្ស ដាច់ជាកំណាត់ៗ ភ័យលោះព្រឡឹងហើយបានស្រែកឆោឡោផ្អើលដល់អ្នកស្រុក និងរាយការណ៍ទៅសមត្ថកិច្ច ពិនិត្យជាក់ស្តែង។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាសាកសពខាងលើជាភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ករណីឃាតកម្ម មានរយៈពេលប្រហែល២ខែមកហើយ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់