ព័ត៌មានជាតិ

រ៉ឺម៉កដឹកសាច់ជ្រូកបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ម៉ូតូសេ១១០បើកជ្រុលទៅបុក របួសបាក់ជើងស្តាំ

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់បាក់កជើងស្តាំ បន្ទាប់ពីជិះម៉ូតូ ហ្វ្រាំងមិនទាន់ជ្រុលទៅបុក រ៉ឺម៉កម៉ូតូដឹកសាច់ជ្រូក បត់ត្រឡប់ក្រោយដោយមិនប្រយ័ត្ន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅមុខរោងចក្រQMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ភ្លាមៗត្រូវបានភាគីខាង រ៉ឺម៉ក ប្រញ៉ាប់ប្រញ៉ាល់លើករ៉ឺម៉កអូសចេញ ដើម្បីបង្វែរស្ថានការណ៍ ប្រាប់គេឯងថា ជនរងគ្រោះដាច់រលាត់តិចតួចទេ ។

ជនរងគ្រោះមានឈ្មោះ ទិត្យ ច័ន្ទដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់កជើងស្តាំ ។

មុនកើតហេតុ ភាគីខាងម៉ូតូសណ្តោងរ៉ឺម៉ក ដឹកសាច់ជ្រូក ក្រោយពីដាក់សាច់ជ្រូក នៅកន្លែងលក់ក្បែរនោះហើយ បើកបត់ត្រឡប់ក្រោយ បំណងឆ្ពោះទៅជើង ស្របពេលនោះ ភាគីខាងជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-4071 បើកពីជើងទៅត្បូងហ្វ្រាំងមិនទាន់ជ្រុលទៅបុក បណ្តាលឲ្យរ៉ឺម៉កក្រឡាប់ ភាគីខាងម៉ូតូ របួសបាក់ជើងស្តាំ ។

ក្រោយកើតហេតុ ភាគីខាងរ៉ឺម៉កប្រញ៉ាប់ប្រញ៉ាល់ លើកយករ៉ឺម៉កចេញ និងម៉ូតូចេញទៅដាក់កៀនខាង ប្រាប់គេឯង ជនរងគ្រោះ របួសដាច់រលាត់តិចតួចទេ មិនជាអ្វី អាចចាវគ្នា ទៅរៀងខ្លួន ខណ:ដែលជនរងគ្រោះមិនដឹងថាខ្លួនបាក់កជើង ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: រីឯករណីសម្ភារ:ពាក់ព័ន្ធ ភាគីខាងរ៉ឺម៉កមនោគមន៍វិជ្ជាខ្ពស់ និយាយបញ្ចុះបញ្ជូលខាងរងគ្រោះ ដោះស្រាយខ្លួនឯង មិនចាំបាច់វត្តមានសមត្ថកិច្ច ម្យ៉ាងភាគីខាងរងគ្រោះ ភរិយាគាត់ក៏សល់លុយច្រើនផងដែរ សម្រាប់ព្យាបាលរបួសជើងប្តីបាក់ ។ ដោយឡែកសមត្ថកិច្ច បន្ទាប់ពីភាគីសងខាងព្រមព្រៀងគ្នាហើយ មានតែដកថយ មិនលូកលាន់រឿងនេះទេ ធ្វើយ៉ាងណាកុំឲ្យមកប្តឹងពេលក្រោយបានហើយ ៕

 

មតិយោបល់