ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវជនសង្ស័យ ៦នាក់ ប្រើល្បិចយកគ្រាប់ឃ្លីដែក មកប្ដូរយកមាស និងគំរាមសម្លាប់

ភ្នំពេញ: នៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីស្រ្តីម្នាក់ ត្រូវស្ត្រី ៤នាក់ ប្រើល្បិចយកគ្រាប់ឃ្លីដែក មកប្ដូរយកមាស។

ស្រ្តីរងគ្រោះឈ្មោះ រស់ ស្រីនិត អាយុ ៣១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុស្រ្តីរងគ្រោះបានទៅផ្សារជាមួយកូន ដើម្បីទិញម្ហូប ស្រាប់តែលេចមុខស្រី្ត ២នាក់ មកខ្សឹបប្រាប់គាត់ថា រើសមាសបានច្រើនណាស់ ភ្លាមៗ គាត់ប្រាប់ទៅស្រ្តីនោះវិញថា បើរើសបានយកទៅឲ្យគេវិញទៅ ប៉ុន្តែស្រ្តី ២នាក់នោះ បង្ខំឲ្យចែកគ្នា លុះមួយសន្ទុះមានបុរស ២នាក់មកសួរថា មានរើសបានមាសអត់ មិនទាន់ឆ្លើយផង អ្នកទាំង ៤នាក់ យកកាំបិតគំរាមបង្ខំឲ្យឡើងជិះ មិនហ៊ានស្រែកទើប សុខចិត្តទៅតាម រហូតមកដល់ផ្លូវ ៦០ម៉ែត្រ ឲ្យគាត់ដក់ខ្សែកដែលលាក់ឲ្យទៅពួកគេ បើមិនអញ្ចឹងទេពួកគេនឹងសម្លាប់។

សូមបញ្ជាក់៖ ករណីនេះ កម្លាំងនគរបាល និងបញ្ជាការពារចុះអន្តរាគមន៍ ប៉ុន្តែមិនទាន់បានត្រឹមនាំស្រ្តីរងគ្រោះទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹង ចំណែកជនសង្ស័យសរុបចំនួន ៦នាក់ រត់គេចខ្លួនបាត់ស្រមោល រួមជាមួយមាស ៣ជី៕

មតិយោបល់