ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌសែនសុខ ចាប់ឃាត់រថយន្តធុនធំ៣គ្រឿង ដឹកសំពីងសំពោងមិនស្តាប់តាមការណែនាំ

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការឃាត់រថយន្តធុនធំៗចំនួន៣គ្រឿង ដែលផ្ទុកដែកអេតចាយសំពីងសំពោង គ្មានសណ្តាប់ធ្លាប់ឈប់ចតលើផ្លូវសាធារណៈ ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ចាប់យកមករក្សាទុក រង់ចាំធ្វើលិខិតស្នាមផាកពិន័យតាមច្បាប់ដែលបានកំណត់។

ប្រតិបត្តិការខាងលើបានធ្វើឡើងនៅវេលាម៉ោង២ និង៥៥នាទីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តចេញចូលដឹកអេតចាយនៅឃ្លាំងខាងលើ សុទ្ធតែប្រភេទធន់ធំ ដឹកផ្ទុកដែកអេតចាយ មកពីតាមបណ្តាខេត្ត ឬដឹកជញ្ជូនទៅប្រទេសវៀតណាម ហើយក្រុមរថយន្តទាំងនោះ មកចតទុកលើចិញ្ចើមផ្លូវ ទោះបីកន្លងមក អាជ្ញាធរបានហៅម្ចាស់ទីតាំង មកប្រាប់ច្រើនលើកច្រើនសារមកហើយតែមិនស្តាប់ ជុំវិញ រថយន្តចតគ្មានសណ្តាប់ធ្នាប់ ដឹកខុសបច្ចេកទេស រថយន្តប្រលាក់សុទ្ធតែដី ភក់ ធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា កន្លងមក ពេលដែលរថយន្តចេញចូលដឹកអេតចាយ នៅចំណុចឃ្លាំងខាងអេតចាយម្តងៗ រថយន្តទាំងនោះបានឈប់ចត រញ៉េរញ៉ៃតាមផ្លូវ មិនតែប៉ុណ្ណោះថែមទាំប្រលាក់ភក់ ដីតាមផ្លូវ ធ្វើឲ្យប៉ះពាល់និង គ្មានសណ្តាប់ធ្នាប់សាធារណៈ៕

មតិយោបល់