ពោធិ៍សាត់ៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា លើផ្លូវជាតិលេខ៥ ត្រង់ចំណុចភ្លើងស្តុបបំបែកលាច ស្ថិតភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៧ និង ៥០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ម្នាក់និង២នាក់ទៀតរបួស។
ជនរងគ្រោះចំនួន៣នាក់រួមមាន៖
១/ឈ្មោះ ងឿន ស្រីពេជ្រ ភេទស្រី អាយុ ១៦ ឆ្នាំ (របួសស្រាល)។
២/ឈ្មោះ ងឿន ស៊ីណា ភេទស្រី អាយុ ១៣ ឆ្នាំ (រងរបួសស្រាល)។
៣/ឈ្មោះ ងឿន វណ្ណដេត ភេទស្រី អាយុ ៩ ឆ្នាំ (ស្លាប់) ។
៣នាក់បងប្អូនរស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញក្មេងស្រី៣នាក់ជិះម៉ូតូ ស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1-R3510 ឌុបគ្នា ទិសដៅពីត្បូងទៅជើង ខណៈនោះក៏មានរថយន្តម៉ាក ហ៊ីយិនដាយ ១គ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3-A1117 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីលិចទៅកើតមកដល់ចំណុចភ្លើងស្តុបបំបែកលាយបានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសស្រាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕
មតិយោបល់