ភ្នំពេញៈ កាលពីវេលាម៉ោង៥ និង ៣០នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខវីងយីហោស្រីមុំ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រ៉ឺម៉កកង់បីដឹកបន្លែស៊ីឈ្នួលគេ ទៅបុណ្យសព បុកពីក្រោយរថយន្ត បណ្ដាលឲ្យបុរសម្នាក់ ស្លាប់។
ជនរងគ្រោះឈ្មោះ ស៊ឹម មេន អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុបុរសខាងលើ បានបើករ៉ឺម៉កដឹកបន្លែងពីផ្សារដើមគ សំដៅទៅភូមិឈ្វាំង ម្តុំផ្សារត្រពាំងព្រាយ ក្នុងខណ្ឌព្រែកព្នៅ ដើម្បីយកបន្លែទាំងនោះ ទៅធ្វើបុណ្យសព ដោយម្ចាស់បន្លែ បានជិះម៉ូតូទៅមុនបាត់ ហើយជនរងគ្រោះ ជិះរ៉ឺម៉កដឹកបន្លែខាងក្រោយ ទិសដៅពីត្បូងទៅជើង។
ប្រភពដដែលបន្តថា មកដល់ចំណុចកើតហេតុ មិនដឹងថា ជនរងគ្រោះ ងងុយដេកឬយ៉ាងណា ស្រាប់តែជិះទៅបុកគូថរថយន្តដឹកទឹកកកអនាម័យ ដែលឈប់លើផ្លូវ បណ្តាលឲ្យអ្នកបើករ៉ឺម៉ក ស្លាប់ភ្លាមៗនៅកន្លែងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាកទងជំនាញ មកវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានី ចំណែកសព ត្រូវបានប្រគល់ជូនគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់