ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ បន្ទាប់ពីម្តាយទៅធ្វើការទុកឲ្យនៅជាមួយឪពុក

កណ្តាល: ក្មេងប្រុសម្នាក់លង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល១១និង៤០នាទី ថ្ងៃ‌ទី៥ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចស្រះទឹកខាងកើតផ្ទះចម្ងាយ១៥ម៉ែត្រ ស្ថិតនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ‌ ០១នាក់ឈ្មោះសុភ័ក្រ បញ្ញា ភេទប្រុសអាយុ៣ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតនៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមការសួរបំភ្លឺម្តាយឈ្មោះ ប៉េង រស្មី ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ខ្លួនបានទុកកូនផ្ញើ នៅជាមួយឪពុកម្តាយ ហើយខ្លួននិងប្តីក៏នាំគ្នាទៅធ្វើការរោងចក្រ រហូតដល់ម៉ោង៩ជាង ឪពុកខ្លួនបានតេប្រាប់ថាកូនឯងលង់ទឹកស្រះខាងកើតផ្ទះស្លាប់បាត់ហើយ ពេល
នោះខ្លួននិងប្តីក៏ចេញពីរោងចក្រមកដល់ផ្ទះឃើញកូនស្លាប់មែន ពេលនោះក៏បានទូរស័ព្ទទៅប៉ុស្តិ៍រដ្ឋបាលឃុំព្រៃពួច។ ក្រោយមកសមត្ថកិច្ចផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំព្រៃពួច លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងឪពុក នៃសព បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអី្វទេ។
ការសន្និដ្ឋានលោកគ្រូពេទ្យជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹក។
ក្រោយកើតហេតុសពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់