ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ត ១គ្រឿងមកឈប់ រង់ចាំភ្លើងស្តុប តែមិនយ៉ាងម៉េច បែរជាថយក្រោយទៅបុកម៉ូតូកង់បីឥណ្ឌា ១គ្រឿង បណ្តាល ឲ្យខូចខាតបន្តិចបន្តួច នៅត្រង់ចំណុចស្តុបត្រឡោកបែក តាមបណ្ដោយផ្លូវ ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ភ្លាមៗនោះ រថយន្តបង្កព្យាយាម បើកគេចបន្តដំណើរទៅមុខទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ជិះដេញ តាមឃាត់រហូតទៅដល់ផ្លូវ ដែលកំពុងមានសភាពចង្អៀត ពេលនោះ រថយន្តក៏បានរយ៉ែរថយទៅក្រោយ បណ្តាលឲ្យ ទៅបុកនិងកិនម៉ូតូចំនួន ២គ្រឿង ត្រង់ចំណុងខាងមុខផ្សារទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២០។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តបង្ក ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-8188 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ជោកជាំ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវ៦០៨។ លុះមកដល់ចំណុចស្តុបត្រឡោកបែក រថយន្តនោះក៏ បានឈប់រង់ចាំភ្លើងស្តុបសញ្ញាចរាចរណ៍អត្តភាព។
ប៉ុន្តែពេលនោះ រថយន្តបង្ក បានរអិលថយក្រោយ ទៅបុកម៉ូតូកង់បីឥណ្ឌា ១គ្រឿងទៀត ម៉ាកបាចា ពណ៌ស ពាក់ផ្លាកលេខ តាកែវ ១T-2741 បើកបរដោយបុរសម្នាក់ កំពុងឈប់នៅពីក្រោយរថយន្ដ បណ្តាលឲ្យក្រពឹតកាតាបូខាងមុខ។ បន្ទាប់មករថយន្តបង្ក បានបើកបន្តដំណើរចេញពីកន្លែងកើតហេតុ ភ្លាមៗនោះ ម៉ូតូកង់បីឥណ្ឌា បានបើកដេញតាមពីក្រោយ និងបានរាយការណ៍ ជូនសមត្ថកិច្ច មូលដ្ឋាន ដែលកំពុងជិះល្បាតឲ្យជួយអន្តរាគមន៍ផងដែរ។
ដោយសមត្ថកិច្ច បានធ្វើការហៅរថយន្តខាងលើ ឲ្យឈប់បែរជារថយន្តនោះ កាន់តែបន្ថែមល្បឿន បើកបន្ត ដំណើរទៅមុខតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ីក្នុងទិសដៅ ពីកើតទៅលិច។ លុះទៅដល់ចំណុចខាងមុខផ្សារទឹកថ្លា ស្របពេលដែលផ្លូវ កំពុងមានសភាពកក់ស្ទុះ ស្រាប់តែ រថយន្តបង្ក បានបើករយ៉ែរថយមកក្រោយ ជ្រុលទៅបុកនិង កិនម៉ូតូចំនួន២គ្រឿងទៀត ដែលធ្វើដំណើរមកពីក្រោយ៖
ម៉ូតូទី១ ម៉ាកហុងដាឌ្រីម ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1M-1462 ដែលបើកបរដោយ បុរស បានបណ្ដាលឲ្យរងការខូចខាត បាក់បូមខាងក្រោយ។
ម៉ូតូទីម៉ាកហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1G-9139 បើកបរដោយប្តីប្រពន្ធពីរនាក់ បណ្តាលឲ្យស្ត្រីជាប្រពន្ធ រងរបួសស្រាល ចំណែកឯម៉ូតូរងការខូចខាត បែកកាបាំងមួយ កំណាត់ផ្នែកខាងមុខ រីឯរថយន្តបង្ក បានខូចខាតក្រពឹតផ្នែកខាងក្រោយចំហៀងខាងឆ្វេង។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានមកដល់ធ្វើការ អន្តរាគមន៍ និងនាំខ្លួនអ្នកបើកបររថយន្តបង្ក ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចជំនាញ បានចុះមក ធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទាំងពីរគ្រឿង រួមជាមួយម៉ូតូកង់បីឥណ្ឌា ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ៕






មតិយោបល់