ភ្នំពេញៈ បុរសម្នាក់ស្រវឹង បើករថយន្តហាយឡែនឌ័រ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន បម្រុងឆ្លងផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត ១គ្រឿង ទៀតពេញទំហឹង។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្ថានីយប្រេងឥន្ធនៈតូតាល់ប្រមាណ៥០ម៉ែត្រ តាមបណ្ដោយផ្លូវ២៦១ កែងនិងផ្លូវ១៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បានបើករថយន្តម៉ាកលុចស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-5291 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២៦១។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏បានបើកឆ្លងផ្លូវ១៩២ ស្របពេលនោះ ក៏មានរថយន្ត ១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-0603 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩២ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បានអក់ហ្សើជាមួយរថយន្តខាងលើ ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យគាបជាប់គ្នាទៅមុខលែងរួច។
ដោយរថយន្តលុចស៊ីស RX330 រងការខូចខាតក្រពឹតកាងផ្នែកខាងមុខចំហៀងស្តាំយ៉ាងដំណំចំណែកឯរថយន្តហាយឡែនឌ័រ រងការខូចខាត ធ្លាក់កាងខាងមុខ។ យ៉ាងណាមិញហេតុការណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ សម្របសម្រួលភាគីទាំងពីរ ប៉ុន្តែដោយភាគីទាំងពីរចរចាគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញឲ្យចុះវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់