ព័ត៌មានជាតិ

កង់ ជនជាតិជប៉ុនដែលជិះឆ្លងកាត់ប្រទេសជាច្រើនមកលេងក្រុងអង្គរ ឥឡូវរកឃើញវិញហើយ

ភ្នំពេញៈ កង់ របស់ជនជាតិជប៉ុនដែលបានបាត់ជាច្រើនថ្ងៃ រហូតមកដល់ពេលនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យរកឃើញវិញហើយ ក្រោយពីមានការប្រកាសស្វែងរកពីសាមីខ្លួន រួមទាំងអាជ្ញាធរមានសមត្ថកិច្ចបានស្វះស្វែង និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ទីផុតនោះ។

ហេតុដូចបានជម្រាបខាងលើ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យសូមប្រកាសជូនដំណឹងទៅដល់ម្ចាស់កង់ ដែលជាជនជាតិជប៉ុន សូមអញ្ជើញមកទទួលយកកង់របស់ខ្លួនត្រឡប់ទៅវិញ នៅទីស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យ។

គួររំលឹកផងដែរថា ព្រោះតែចង់ឃើញអង្គរ នឹងចង់ស្គាល់កម្ពុជា បុរសជនជាតិជប៉ុនម្នាក់បានចំណាយពេលវេលាជាង១ឆ្នាំបានជិះកង់ចេញពីប្រទេសរបស់ខ្លួន ដោយបានធ្វើដំណើរឆ្លងកាត់ផ្លូវរាប់ម៉ឺនគីឡូម៉ែត្រនឹងកាត់តាមប្រទេសជាច្រើន ទើបមកដល់ប្រទេសកម្ពុជាយើងតាមច្រកអន្តរជាតិប៉ោយប៉ែត។

បុរសជនជាតិជប៉ុនរូបនេះ ត្រូវបានគេស្គាល់ ឈ្មោះ Shun Yanagisawa អាយុ៣៤ឆ្នាំ លោកគឺជាអ្នកពន្លត់អគ្គិភ័យ និងជាអ្នកចូលចិត្តជិះកង់មើលទេសភាព ។ លោក Shun Yanagisawa បានប្រាប់ឲ្យដឹងថា រូបលោកបានចាប់ផ្ដើមជិះកង់ចេញពីប្រទេសរបស់ខ្លួនតាំងពីថ្ងៃទី០១ កក្កដា ២០១៥ មកម្ល៉េះ ដោយលោកបានឆ្លងកាត់ប្រទេសជាច្រើនដូចជា កោះតៃវាន់ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងចុងក្រោយចូលមកដល់ប្រទេសកម្ពុជានេះ ហើយបានស្នាក់នៅនឹងដើរថតរូបនឹងមើលអង្គរវត្តដ៏ល្អឯកគ្មានពីរនៅលើពិភពលោក ព្រមទាំងស្នាក់នៅខេត្តសៀមរាប់រយៈពេល១០ថ្ងៃផងដែរ ទើបបន្តមកភ្នំពេញ នាថ្ងៃទី១៨ កក្កដា ដោយលោកបានមកស្នាក់នៅសណ្ឋាគារ Aura Thematic Hostel ស្ថិតនៅផ្ទះលេខ២០៥ ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង។

លោកបានប្រាប់ថា នៅពេលស្នាក់ក្នុងសណ្ឋាគានោះលោកបានទុកកង់ក្នុងបរិវេននោះ ហើយកង់របស់គាត់ក៏ត្រូវបានចោរលួចបាត់ មិនដឹងតាំងពីម៉ោងប៉ុន្មាននោះទេ។ ហើយនៅថ្ងៃទី១៩ កក្កដា លោកក៏បានដាក់ពាក្យបណ្ដឹង នៅស្នាក់ការអន្ដោប្រវេសន៍ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចឲ្យស្វែងរក។

លោក Shun Yanagisawa បាននិយាយថា «ខ្ញុំនឹកកង់ខ្ញុំណាស់ ព្រោះវានៅជាមួយខ្ញុំជិត១ឆ្នាំមកហើយ សូមសមត្ថកិច្ច និងអាជ្ញាធរ មេត្តាជួយស្វែងរកផង មុនពេលដែលខ្ញុំ នឹងត្រូវចាកចេញពីកម្ពុជានៅថ្ងៃទី៣០ កក្កដា ខាងមុខនេះ»។

លោកបានឲ្យដឹងទៀតថា មុនពេលមកដល់រាជធានីភ្នំពេញ លោកបានជិះកង់ចេញ និងស្នាក់នៅខេត្តសៀមរាបរយៈពេលជាង១០ថ្ងៃ និងជិះកង់បន្ដដំណើរមកដល់រាជធានីភ្នំពេញរយៈ៤ថ្ងៃគិតមកដល់ពេលនេះ ។ ហើយគ្រោងនឹងបន្ដដំណើរទៅប្រទេសវៀតណាមទៀត តែកង់របស់លោកត្រូវចោរលួចបាត់ទៅហើយ។

លោកបន្តថា «ប្រសិនបើរកកង់ខ្ញុំមិនឃើញទេ ខ្ញុំនឹងត្រឡប់ទៅប្រទេសខ្ញុំវិញ និងមិនបន្ដដំណើរទៅប្រទេសផ្សេងទៀតទេ»៕

photo_2016-07-31_11-45-10photo_2016-07-31_11-45-10 (2)photo_2016-07-31_11-45-09photo_2016-07-31_11-45-08DSC08275photo_2016-07-28_13-48-02photo_2016-07-28_13-48-00photo_2016-07-28_13-48-03photo_2016-07-28_13-48-09photo_2016-07-31_12-57-44photo_2016-07-31_12-57-47 (2)photo_2016-07-31_12-57-47photo_2016-07-31_12-57-48photo_2016-07-31_12-57-50photo_2016-07-31_12-57-52

មតិយោបល់