ភ្នំពេញៈ រថយន្តដឹកទឹកកក បានរងការខូចខាតក្រពឹតកាប៊ីនទាំងស្រុង ខណៈបើកជ្រុលទៅបុកយ៉ាងពេញទំហឹងចំ ធុងប្រេងរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ដែលកំពុងបើកចេញពីផែស្ងួត អត់មើលមុខ មើលក្រោយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ដំណើររឿងរឿង៖ មុនកើតហេតុ គេឃើញ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AL-7224 ជារបស់ក្រុមហ៊ុនផលិតទឹកកកយីហោ «សញ្ញាខ្លាឃ្មុំទឹកកក» ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កម៉ាកនីស្សាន់ឌីស៊ែល ពណ៍បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-7322 សណ្ដោងកន្ទុយរ៉ឺម៉ក សម្រាប់ដឹកទូកុងតឺន័រជារបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ បើកចេញពីផែ ក្នុងទិសដៅពីលិចទៅកើត បត់ស្ដាំអត់មើលមុខមើលក្រោយ ក៏ត្រូវរថយន្តដឹកទឹកកកដើមពេញទ្រុង បុកចំធុងប្រេង បណ្ដាលឲ្យរងការខូចខាតក្រពឹតរួញកាប៊ីនទាំងស្រុង តែម្ដង។ ដោយឡែកអ្នកបើកបររថយន្តទាំង២គ្រឿង មិនត្រូវបានស្គាល់ឈ្មោះឡើយ។
ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការវាស់វែង និងឲ្យម្ចាស់រថយន្តទាំង២ភាគី ដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែង៕
មតិយោបល់