ព័ត៌មានជាតិ

ក្រុមស្រមោចរបស់អធិការរដ្ឋាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនកូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្ដាល ជាមុខសញ្ញាចែកចាយគ្រឿងញៀន និងបក្ខពួកយ៉ាងសកម្ម

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៣នាក់ ដែលគេស្គាល់ថា ជាកូនប្រុសរបស់អនុប្រធានពន្ធនាគារខេត្តកណ្ដាល ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មប្រចាំក្រុងតាខ្មៅនោះត្រូវបានកម្លាំងពិសេសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅរហ័សនាមក្រុមស្រមោចសហការជាមួយកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅ សហការជាមួយកម្លាំងផ្នែកគ្រឿនញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី ធ្វើការចុះបង្រ្កាប ឃាត់ខ្លួនបាន រួមនឹងថ្នាំញៀនមួយចំនួនធំ។ ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ចំណុចផ្ទះសំណាក់ឈ្មោះ បែស ថាន្នី ស្ថិតនៅភូមិថ្មីសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលជនសង្ស័យទី១ ឈ្មោះ នីម ម៉ានិត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជានិស្សិត រស់នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលគេស្គាល់ថា ជាកូនអនុប្រធានពន្ធនាគារខេត្តកណ្ដាល ទី២ ឈ្មោះ ទួត សុវណ្ណពិសិដ្ឋ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្ទឹងជ្រៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល និងទី៣ ឈ្មោះ ហង់ ស្រីកា ភេទស្រី អាយុ ២៥ ឆ្នាំមុខរបរបម្រើការងារក្នុងខារ៉ាអូខេ ស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល វត្ថុចាប់យករួមមាន ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន ៣កញ្ចប់ធំ តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងថង់សម្រាប់វេចខ្ចប់មួយចំនួន ទូរស័ព្ទមួយគ្រឿងម៉ាក ណូគា អិនចុចពិល ដែកកេះចំនួន ៣ ជញ្ជីងសម្រាប់ថ្លឹងចំនួនមួយ ម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌ទឹកក្រូចពាក់ស្លាកលេខ 1AQ-4031 និងលុយចំនួន លុយចំនួន ៤៩,០០០រៀល និងកាបូបដៃសម្រាប់ដាក់ថ្នាំញៀនចំនួន ១។

លោកវរ:សេនីយ៍ត្រី ឃុត សុធា អធិការនគរបាលរងទទួលផែនគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅបានសហការជាមួយកម្លាំងព្រហ្មទណ្ឌរហ័សនាមក្រុងស្រមោច និងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី បានចេញល្បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅតាមបណ្ដោយផ្លូវជាតិលេខ២ ពេលមកដល់ចំណុចមុខសាលាប៊ែលធីភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅខេត្តកណ្ដាលក៏ជួបនឹងជនសង្ស័យឈ្មោះ នីម ម៉ានិត ហៅឈប់ឆែកឆេររកឃើញថ្នាំញៀនចំនួន ១កញ្ចប់តូច ក៏នាំមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសួរនាំតែម្តង នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ នីម ម៉ានិត បានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានមកពីឈ្មោះ ទួត សុវណ្ណពិសិដ្ឋ ដែលកំពុងស្នាក់នៅក្នុងបន្ទប់១១០ ផ្ទះសំណាក់ឈ្មោះ បែស ថាន្នី នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ភ្លាមៗលោកអធិការងបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់បន្ទប់១១០ ដោយមានការសហការពីម្ចាស់ផ្ទះសំណាក់ក៏ចូលឆែកឆេររកឃើញថ្នាំញៀនចំនួន ២កញ្ចប់ធំ និងឃាត់ខ្លួនឈ្មោះ ទួត សុវណ្ណពិសិដ្ឋ និងឈ្មោះ ហង់ ស្រីកា បញ្ជូនមកអធិការរដ្ឋាននគរបាលក្រុងតាខ្មៅតែម្ដង នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទួត សុវណ្ណពិសិដ្ឋ បានសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលទិញពីបុរសម្នាក់ដោយមិនស្គាល់ឈ្មោះនៅម្ដុំក្ដាន់២ នៅរាជធានីភ្នំពេញក្នុងតម្លៃ ៥០០ដុល្លារ ដើម្បីលក់បន្ត។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបាននាំយកមកអធិការរដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់