ភ្នំពេញៈ ហាងខារ៉ាអូខេមួយកន្លែង គឃ្លើនលួចបើក ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនបានទាំងបុរសទាំងស្ត្រី១០នាក់ នាំយកទៅសួរនាំ នៅប៉ុស្តិ៍ កាលពីម៉ោង១១ និង១០៥នាទីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចហាងខារ៉ាអូខេយីហោសំណាងសីហា KTV ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុកម្លាំងរបស់ពួកគាត់ បានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីដើរមើលប្រជាពលរដ្ឋផឹកស៊ី តាមបណ្តាភូមិនានា ក្នុងខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មកក៏មានយុវជន២នាក់ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា នៅទីតាំងខាងលើ មានខារ៉ាអូខេមួយមិនទាន់បិទ ដោយលួចបើក។ ពេលនោះសមត្ថកិច្ច បានសាកសួរបញ្ជាក់ ហើយយុវជនទាំង២នាក់ បាននិយាយប្រាប់ថា ពួកគាត់មុននេះបន្តិច មានមិត្តភក្ដិមួយចំនួន បាននាំពួកគ្នាចូលខារ៉ាអូខេខាងលើម្តងរួចមកហើយដោយនាំគ្នាផឹកបានបន្តិច ខ្លាចសមត្ថកិច្ចចាប់ ទើបពួកគាត់ ក៏ដាច់ចិត្តប្រាប់សមត្ថកិច្ចតែម្ដងទៅ។
ភ្លាមៗនោះកម្លាំងនគបាលខណ្ឌ បានរាយការណ៍ទៅផ្នែកជំនាញ និងទាក់ទងទៅកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅទីតាំងហាងខារ៉ាអូខេខាងលើ ឃើញថាហាងនេះ បានបិទភ្លើងនៅខាងមុខ តែនៅខាងក្នុងមានការផឹកស៊ី២កន្លែង គឺនៅកន្លែងកញ្ចុះមួយ និងក្នុងបន្ទប់ខារ៉ាអូខេមួយទៀត ដោយមានស្រាបៀរទាំងជុងៗផងដែរ។
ទោះជាសមត្ថកិច្ចឃើញជាក់ស្ដែងហើយ តែមេការហាងទីតាំងខាងលើ បានបដិសេធរហូតថា អត់មានបើកនោះទេ សូម្បីតែនារីខារ៉ាអូខេ ក៏អត់មានដែរ គឺមានតែ២នាក់ទេ ចំណែកពួកប្រុសៗវិញ គឺគាត់ថា ជាបងប្អូនថៅកែ បានមកផឹកស៊ីតែប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញ បានរកឃើញនារីៗ នៅក្នុងហាងចំនួន៥នាក់ បុរសៗចំនួន៨នាក់ នៅទីតាំងកន្លែងកើតហេតុ។
ក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បាននាំបុរសៗ ដែលមកផឹកស៊ីក្នុងហាងចំនួន៨នាក់ និងនារីចំនួន២នាក់ ត្រូវបានឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍៕
មតិយោបល់