ព័ត៌មានជាតិ

ចាប់បានស្រីស្អាតពីរនាក់ ផ្អើលពេញផ្សារង៉ិនអាន

ភ្នំពេញ: ស្ត្រីម្នាក់ទិញឥវ៉ាន់ ពីក្នុងផ្សាររួចហើយមកក្រៅបន្តិច ឈប់ទិញនំឲ្យកូន ស្រាប់តែត្រូវជនសង្ស័យជាស្រីស្អាត២នាក់ លួចរូតកាបូបស្ពាយយកកាបូបលុយចេញក្រៅ តែសំណាងល្អម្ចាស់ឃើញទាន់ ក៏ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចផ្សារង៉ិនអាន ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ ឈ្មោះ សេង ស្រីដា អាយុ២០ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងទី២ឈ្មោះ ប៊ុនធឿន សុនីតា អាយុ១៨ ស្នាក់នៅភូមិកណ្តឹងតូច ឃុំត្រពាំងលើ ស្រុកបាទី ខេត្តតាកែវ ជាអ្នកធ្វើសកម្មភាពលួចកាបូប។

ចំណែករងគ្រោះឈ្មោះ តុប ស្រីពៅ អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាម្ចាស់កាបូបស្ពាយពណ៌ខ្មៅ និងកាបូបលុយនៅខាងក្នុង ពណ៌ក្រហម ក្នុងនោះមានលុយចំនួន៦០ម៉ឺនរៀល។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុ គាត់បានទិញអីវ៉ាន់ ក្នុងផ្សារខាងលើ បន្ទាប់ពីទិញរួច គាត់បានស្ពាយកាបូប ពណ៌ខ្មៅ នៅក្រោយខ្នង ដោយនៅក្នុងកាបូបពណ៌ខ្មៅនោះ មានកាបូបលុយពណ៌ក្រហមមួយទៀត ដើរចេញមកខាងក្រៅ រួចក៏ឈប់ទិញនំឲ្យកូន ស្រាប់តែកំពុងទិញនំនោះ មាននារីសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ បានរូតយកកាបូបលុយ ពណ៌ក្រហមរបស់គាត់ ដើរចេញបានបន្តិច គាត់ឃើញក៏ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ ចាប់នារីសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួននារីសង្ស័យទាំងពីរនាក់ យកមកសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់