ព្រៃវែងៈ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារក្រុងព្រៃវែង ស្ថិតនៅភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងសកម្មភាពត្រួតពិនិត្យនេះមន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ បានចំនួន ១២ គំរូ រួមមាន៖ បាញ់កាញ់ និងស្ករត្នោត ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញបានឃើញ បាញ់កាញ់ ១ គំរូ មានផ្ទុកសារធាតុគីមី បូរ៉ាក់ និងស្ករត្នោត ៥ គំរូ មានផ្ទុកសារធាតុគីមីសូរីស្យូមហ៊ីត្រូស៊ុលហ្វីត (ម្ស៉ៅស) និងទំនិញខូចគុណភាព និងហួសកាលបរិចេ្ឆទប្រើប្រាស់ ចំនួនជាច្រើនមុខទៀត មានដូចជា៖
-ទឹកក្រូចដបធំចំនួន ៨ ដប ស្មើនឹង ២៤ គីឡូក្រាម
-នំផ្អែមចម្រុះ ១១ កញ្ចប់ ស្មើនឹង ៤.៥ គីឡូក្រាម
-ស្ករគ្រាប់ ១២ កញ្ចប់ ស្មើនឹង ២.១ គីឡូក្រាម
-បាញ់កាញ់ ១ ថង់ ស្មើនឹង ១.៩ គីឡូក្រាម
-ស្ករត្នោត ២ ធុង ស្មើនឹង ៦៤ គីឡូក្រាម
សរុបទំនិញ និងម្ហូបអាហារ ដែលមន្ត្រីជំនាញដកហូតបានសរុបចំនួន ៣៤ កញ្ចប់ ស្មើនឹង ៩៦.៥ គីឡូក្រាម។
បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឲ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារ ដែលហួសថ្ងៃកំណត់ប្រើប្រាស់ និងទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត ដោយបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល បន្ទាប់មកមន្ត្រីជំនាញក៏បានសុំអោយអាជីវករ រួមសហការជាមួយក្នុងការទប់ស្កាត់ ផ្តល់ពត៌មានពីប្រភពនៃទំនិញដែលមានផ្ទុកសារធាតុគីមីហាម ឃាត់ប៉ះពាល់ដល់សុខភាពផងដែរ ។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា រួមនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បន្ថែមទៀត៕
មតិយោបល់