ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ដាយសារ៉ាយ សក្ខណា បំភ្លឺរឿងគេចោទថាម៉ែយ៉ែម

ភ្នំពេញៈ ឆ្លើយតបនឹងការចោទសួររបស់ភ្នាក់ងារ Post News ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ម្ចាស់គណនី Marie Young ដែលបានបង្ហោះថាអ្នកស្រីគឺជាម៉ែយ៉ែម។ អ្នកស្រីផាន់ សម្ផស្ស ម្ដាយរបស់អ្នកនាងសារ៉ាយ សក្ខណា បានផ្ដល់សម្ភាសន៍បកស្រាយពីបញ្ហានេះ។ យ៉ាងណាក៏ដោយ អ្នកស្រីបានបញ្ជាក់ថា មិនចង់ឲ្យមានព័ត៌មានវែងឆ្ងាយនោះទេ ដោយសារតែអ្នកស្រីមិនចង់ឲ្យមានការយល់ច្រលំរីកធំជាងអ្វីដែលបានបង្ហោះ។

អ្នកស្រីបញ្ជាក់ថា រឿងដែលបានបង្ហោះឡើងអ្នកស្រីបានឃើញរួចហើយ ហើយអ្នកស្រីក៏មានអារម្មណ៍ភ្ញាក់ផ្អើលផងដែរ ដោយសារតែរឿងរ៉ាវនោះគឺធ្វើឲ្យអ្នកស្រីខូចឈ្មោះ ក្នុងពេលដែលអ្នកស្រីមិនបានដឹង។ អ្នកស្រីនិយាយថា«អត់ទេរឿងនឹងខ្ញុំអត់បានដឹងទេ ធម្មតាយើងបើកហាង គឺភ្ញៀវណាក៏យើងរាក់ទាក់ដែរ ចឹងអត់មានដូចអ្វីដែលបង្ហោះថាយើងទាក់អ្នកនេះឲ្យអ្នកនោះចឹងទេ!»។ អ្នកស្រីថា នោះជារឿងភាន់ច្រលំ ហើយអ្នកស្រីក៏នឹងមានវិធានការដោះស្រាយឲ្យចប់សព្វគ្រប់ ប៉ុន្តែអ្នកស្រីមិនទាន់បង្ហើបថា វិធានការនោះអាចជាការដាក់បណ្ដឹងពីបទបរិហាកេរ្តិ៍ ឬយ៉ាងណានោះទេ។ អ្នកស្រីបានត្រឹមតែបង្ហើបថា នឹងធ្វើឲ្យរឿងរ៉ាវទាំងមូលត្រូវបានបញ្ចប់ឲ្យបានឆាប់បំផុត ដើម្បីកុំឲ្យភាគីខាងភរិយាដើមបន្តយល់ច្រលំ។ អ្នកស្រីនិយាយថា«នឹងដោះស្រាយរឿងនឹង ព្រោះវាប៉ះពាល់ តែអត់ទាន់និយាយទេ ចាំមើលជួបនិយាយគ្នាសិន!»។

មិនខុសគ្នាដែរ អ្នកនាងសារ៉ាយ សក្ខណា បានអះអាងថាម្ដាយរបស់នាងមិនអាចជាមនុស្សដែលដឹកញីប្រស៊ីឈ្មោល ដែលនាំឲ្យពិធីការិនីទូរទស្សន៍CTV8HD នាង សូ អែណា និង បុរសដែលមានប្រពន្ធកូនម្នាក់នោះបានទាក់ទងគ្នាទេ។ អ្នកនាងបញ្ជាក់ថានោះជារឿងឯកជនដែលអ្នកនាង និងម្ដាយ មិនអាចទៅលូកដៃកើតទេ ប្រសិនបើភាគីរបស់សាមីខ្លួនគេមិនត្រូវរ៉ូវគ្នាណាមួយ។ អ្នកនាងនិយាយថា មិនអាចឲ្យតែភ្ញៀវចូលមកហូបអាហារនៅក្នុងហាង Sakhana Soup ទាល់តែម្ដាយរបស់អ្នកនាងជាអ្នកណែនាំទើបភាគីទាំងពីរគេទាក់ទងគ្នាបានទេដោយសារតែភាពជាក់ស្ដែងគឺម្ដាយរបស់នាង និងនាងរវល់លក់ដូរ និងមានពេលអង្គុយរាក់ទាក់ភ្ញៀវតិចបំផុត។

អ្នកនាងនិយាយថា «ខ្ញុំហ៊ានធានាថារឿងម្ដាយខ្ញុំអត់បានលូកដៃចឹងទេ ចឹងខ្ញុំសុំកុំឲ្យបងប្អូនគាត់យល់តាមការបង្ហោះនឹង ព្រោះខ្ញុំយល់ថាអ្វីៗគឺជារឿងយល់ច្រលំសុទ្ធសាធ!»។ អ្នកនាងថាខ្លួននឹងចេញមុខដោះស្រាយលើបញ្ហានោះ ដោយសារតែអ្នកនាង និងម្ដាយក៏មានទំនាក់ទំនងជាមួយភរិយាដើម មុនពេលមានការយល់ច្រលំនោះដែរ។ អ្នកនាងទទូចកុំឲ្យមានការចុះផ្សាយណាមួយដែលនាំឲ្យមានការយល់ច្រលំថាម្ដាយរបស់នាង និងរូបនាងគឺជាអ្នកពាក់ព័ន្ធលើបញ្ហានោះ ដោយសារតែរឿងរបស់ពិធីការិនី សូ អែណា ក្រោយពីមានការបង្ហោះថាមានទំនាក់ទំនងជាមួយប្ដីគេនោះ។ យ៉ាងណានាងថាសុំមិននិយាយលម្អិតលើករណីនោះទេ ដរាបណាអ្នកនាង និងភាគីខាងភរិយាដើមមិនទាន់បានជជែកគ្នាដោយផ្ទាល់មាត់។ គេកំពុងចាំមើលដំណោះស្រាយរបស់ភាគីទាំងពីរ តែយោងតាមការបញ្ជាក់របស់ សារ៉ាយ សក្ខណា ដោយសារមិនចង់មានរឿងវែងឆ្ងាយ៕

photo_2016-07-31_22-33-44photo_2016-07-31_22-33-50photo_2016-07-31_22-33-53photo_2016-07-31_22-33-58photo_2016-07-31_22-34-01photo_2016-07-31_22-34-05photo_2016-07-31_22-34-08photo_2016-07-31_22-34-11photo_2016-07-31_22-34-14photo_2016-07-31_22-34-17photo_2016-07-31_22-34-21photo_2016-07-31_22-34-23

មតិយោបល់