ភ្នំពេញៈ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ សហការជាមួយអាជ្ញាធរវៀតណាម បានរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរចំនួន៣២នាក់ (ក្នុងនោះកុមារមានចំនួន២៤នាក់) ដែលចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់នៅក្នុងប្រទេសវៀតណាម ឲ្យត្រឡប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហើយបានប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង។
មន្រ្តីអគ្គកុងស៊ុលបានឲ្យថា ក្នុងចំណោមពលរដ្ឋទាំង៣២នាក់នោះ គឺ២៦នាក់ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន និងប្រមូលផ្តុំនៅមជ្ឈមណ្ឌលសង្គ្រោះសង្គមទីក្រុងហូជីមិញ ហើយធ្លាប់បានគ្រោងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែត្រូវពន្យារពេលរហូតមកដល់បច្ចុប្បន្ននេះ ដោយសារស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ពុំទាន់បានបញ្ចប់នីតិវិធី។ ចំណែកពលរដ្ឋ៦នាក់ទៀត ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន ក្នុ្ងងអំឡុងខែតុលាកន្លងទៅនេះ។
ក្នុងចំណោមពលរដ្ឋខ្មែរទាំង៣២នាក់ គឺ៣០នាក់ មានស្រុកកំណើតនៅខេត្តស្វាយរៀង ១នាក់នៅខេត្តកណ្តាល និង១នាក់ទៀតនៅខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០១៦នេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសម្របសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ដែលចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ ហើយត្រូវបានអាជ្ញាធរវៀតណាម ឃាត់ខ្លួនចំនួន១៧៤នាក់ (គិតទាំងលើកនេះផង)៕
មតិយោបល់