សៀមរាបៈ កាលពីវេលាម៉ោង ២១និង១៥នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២0២០ នៅលើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨ ស្ថិតក្នុងភូមិច្រនៀង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងគោយន្តកន្ត្រៃ។
ហេតុការណ៍នេះ បានបណ្តាលឲ្យស្លាប់របួសធ្ងន់មនុស្ស ២នាក់ ខូចខាត់ម៉ូតូ និងគោយន្តកន្រ្តៃ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Q-0013 បើកបរឈ្មោះ ឆាន ឈាំង ភេទប្រុស (ស្លាប់) និងអ្នកជិះពីក្រោយម្នាក់ ឈ្មោះ យឺត វាសនា ភេទប្រុស (របួសធ្ងន់) អ្នកទាំងពីររស់នៅភូមិស្វាយ ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ធ្វើដំណើរពីត្បូងទៅជើង បានបុកចំពីក្រោយគោយន្តកន្រ្តៃម៉ាក គូប៊ូតា ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឆម ឈិន ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិជំនុំរាជ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀម កំពុងឈប់សប់កង់នៅចិញ្ចើមផ្លូវខាងស្តាំ បែរមុខទៅទិសខាងជើង។
មូលហេតុ៖ អ្នកបើកម៉ូតូ ម៉ាកហុងដាឌ្រីម បើកបរមានល្បឿនលឿន ចំណែកអ្នកបើកគោយន្តកន្ត្រៃ ឈប់ចតមិនដាក់ភ្លើងសញ្ញាបំភ្លឺខាងក្រោយ។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់