ព័ត៌មានជាតិ

ល្បិចថ្មីទៀតហើយ! យកម៉ូតូប្អូនថ្លៃទៅបញ្ចាំ ហើយមកប្ដឹងសមត្ថកិច្ចថាមានគេដាក់ថ្នាំ

ភ្នំពេញៈ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីរំលោភលើសេចក្ដីទុកចិត្តមួយកើតឡើង។

ដំណើររឿង៖ កាលពីវេលាម៉ោងខាងលើ មានបុរសម្នាក់ឈ្មោះ ធា រតនា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករសំណង់ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ទៅបាត់តាមផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ល្ងាច។

ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ទើបដឹងថាម៉ូតូត្រូវបុរសខាងលើខ្ចីពីប្អូនថ្លៃរបស់ខ្លួនថាទៅរកការងារធ្វើ តែបែរជាបែកគំនិតទៅលេងល្បែងចាញ់លុយអស់ ហើយក៏យកម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានចំនួន ៩០០ដុល្លារ ដើម្បីយកលុយទៅសងគេវិញ។ បន្ទាប់ពីយកម៉ូតូទៅបញ្ចាំហើយ គ្មានពាក្យដោះសារជាមួយប្រពន្ធ និងប្អូនទើបមកកុហកបំប៉ោងសភាពការណ៍ប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិ៍ជើងឯក ថាមានគេដាក់ថ្នាំ។

បច្ចុប្បន្ន បុរសខាងលើបានមកធ្វើការសូមទោសរាល់កំហុសដែលខ្លួនបានភូតភរទៅដល់សមត្តកិច្ច ហើយថាមិនមានករណីគេដាក់ថ្នាំយកម៉ូតូទេ៕

មតិយោបល់