ភ្នំពេញៈ យោងតាមផេករបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី ជនរងគ្រោះឈ្មោះ ហែម សុផល ភេទប្រុស អាយុ៣៩ឆ្នាំ កំពុងតែនៅផ្ទះលេខ២៣ ផ្លូវលេខ២៩ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានឱ្យជនសង្ស័យឈ្មោះ ម៉េវ គ្នាង ភេទប្រុស អាយុ២៤ឆ្នាំ បើករថយន្តម៉ាក FAW ពណ៌ក្រហមលាយបៃតង ពាក់ស្លាកលេខភ្នំពេញ 3A-1573 ដឹកការ៉ូចេញពីស្រុកវាលរិញ ខេត្តព្រះសីហនុ មកដាក់នៅឃ្លាំង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧និង២០នាទី ជនរងគ្រោះបានមើលGPSតាមរយៈទូរស័ព្ទដៃ ឃើញរថយន្តម៉ាកខាងលើ ដែលជនសង្ស័យជាអ្នកបើកនោះ បានចតទុកចោលនៅខាងមុខរោងចក្រទឹកកក ស្ថិតនៅភូមិប្រការខាងលើ ហើយជនរងគ្រោះក៏បានឱ្យកម្មករទៅមើលឃើញតែរថយន្តមិនឃើញជនសង្ស័យទេ រួចជនរងគ្រោះក៏ឱ្យកម្មករពិនិត្យមើលសម្ភារៈនៅក្នុងរថយន្ត ឃើញបាត់កង់រថយន្តចំនួន០១គ្រាប់ ដែលមាន តម្លៃ២៥០ដុល្លារអាមេរិក ហើយជនរងគ្រោះក៏បានធ្វើការទំនាក់ទំនងទៅជនសង្ស័យ តែមិនអាចទាក់ទងបាន ។
លុះដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ជនរងគ្រោះក៏បានទៅតាមរកជនសង្ស័យឃើញកំពុងតែលាក់ខ្លួននៅក្នុងយានដ្ឋានជួសជុលរថយន្ត០១កន្លែង ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល រួចជនរងគ្រោះក៏បាននាំខ្លួនជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស នៅវេលាម៉ោង ០០និង៣០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដើម្បីធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ(ជនសង្ស័យ) ពិតជាបានលួចយកកង់ ឡានទៅលក់ និងបន្លំចាក់ប្រេងលើសលីត្រចំនួន០២លើក បានប្រហែល២០០លីត្រ ហើយយកទៅលក់ឱ្យអ្នកទិញតាមផ្លូវសាធារណៈមិនចាំកន្លែង បានលុយយកទៅស៊ីចាយអស់ប្រាកដមែន ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕
មតិយោបល់