តាមការគ្រោងទុក ក្រុមហ៊ុន Blue Origin ដែលត្រូវបានបង្កើតឡើង ដោយស្ថាបនិកក្រុមហ៊ុន Amazon នឹងបាញ់បង្ហោះ នាំអ្នកទេសចរណ៍អវកាស ជាលើកទី១ នៅថ្ងៃទី២០ កក្កដា។ ក្នុងដំណើរទេសចរណ៍អវកាស បើកឆាកលើកទី១នេះ នឹងមានអ្នកដំណើរ៣នាក់ ដោយអ្នកទី៣ គឺជាអ្នកដែលត្រូវបានជ្រើសរើស តាមរយៈការដេញថ្លៃសំបុត្រ។ ការដេញថ្លៃ ដែលមាន៣ដំណាក់កាល នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី១២ មិថុនាខាងមុខ។
ក្រុមហ៊ុន Blue Origin អះអាងថា មានមនុស្សប្រមាណជិង៦០០០នាក់ មកពី១៤៣ប្រទេស បានចូលរួមក្នុងការដេញថ្លៃ ហើយបច្ចុប្បន្ននេះ តម្លៃសំបុត្របានឡើងដល់ ២.៨លានដុល្លារ។ ថវិកាដែលប្រមូលបាន នឹងផ្ទេរទាំងស្រុង ទៅឲ្យមូលនិធិ Club for the future ដែលត្រូវបានបង្កើតឡើងដោយ Blue Origin ក្នុងកម្មវត្ថុបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យចាប់យកជំនាញវិទ្យាសាស្ត្រ។
សូមបញ្ជាក់ថា យោងតាមការប្រកាសរបស់ Blue Origin យាន New Shepard នឹងហោះចេញ ពីផែនដី ឡើងដល់កំពស់ប្រមាណ៧៥គីឡូម៉ែត្រ ទើបផ្តាច់ក្បាលកាប់ស៊ុលដែលផ្ទុកអ្នកដំណើរ មុននឹងហោះទំលាក់ខ្លួនមកចុះចត បញ្ឈរនៅលើផែនដីវិញ។ ចំណែកក្បាលកាប់ស៊ុល ដែលផ្ទុកអ្នកដំណើរ នឹងហោះឡើងដល់កំពស់ ប្រមាណ១០០គីឡូម៉ែត្រ ពីផែនដី បន្ទាប់មក ធ្លាក់មកផែនដីវិញ ដោយមានជំនួយ ពីឆ័ត្រយោងធំៗ៣។
ផ្អែកតាមសាកល្បង ដំណើរទេសចរណ៍អវកាសនេះ មានរយៈពេលត្រឹមតែជាង១០នាទីប៉ុណ្ណោះ គិតចាប់ពីពេលហោះចេញ រហូតដល់ចុះមកដល់ដីវិញ។ តែយ៉ាងណា ក្រុមហ៊ុន Blue Origin បានអះអាងថា នេះគឺជាបទពិសោធន៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់អ្នកដំណើរ ដែលមានសំណាង បានឡើងទៅដល់កំពស់១០០គីឡូម៉ែត្រ ក្នុងសុញ្ញកាស និងបានគយគន់មើលផែនដីពីចំងាយ។ អ្នកដំណើរដែលឡើងដល់កំពស់នេះ ពេលចុះមកវិញ នឹងត្រូវបានភ្នាក់ងារអវកាសអាមេរិក ទទួលស្គាល់ថាជាអ្នកអវកាស។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអាមេរិកមួយទៀត ឈ្មោះ Virgin Galactic ក៏មានគម្រោងរកស៊ី បង្ហោះអ្នកដំណើរទេសចរណ៍អវកាស នៅក្នុងឆ្ន២០២១នេះដែរ តាមរយៈយានដែលមានឈ្មោះ SpaceShipTwo។ តែយាននេះ អាចបង្ហោះអ្នកដំណើរទៅ បានត្រឹមកំពស់៨០គីឡូម៉ែត្រ ពីផែនដីប៉ុណ្ណោះ៕
មតិយោបល់