ភ្នំពេញៈ រថយន្តសាំយ៉ុងដឹកកម្មករទៅធ្វើការបែកក្រប៉ែនហ្វ្រាំងជាន់មិនស៊ីរេចង្កូតទៅបុកម៉ូតូរ៉ឺម៉កពីក្រោយប៉ើងទៅប៉ះជាមួយបង្គោលស្តុបហើយរថយន្តមិនទាន់អស់ល្បឿនទៅកៀររថយន្តសាំយ៉ុងមួយគ្រឿងទៀតតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកណាឡើយ។ ហេតុការណ៍គ្រោះខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្តុបនាងគង្ហីង សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។
បើតាមសំដីរបស់ឈ្មោះ ខុន សុខន ភេទប្រុស អាយុ៣៤ឆ្នាំជាអ្នកបើកម៉ូតូរ៉ឺម៉កបានប្រាប់ថា រូបគាត់និងប្រពន្ធជិះទៅផ្សារនាគមាសដើម្បីទិញផ្លែឈើលក់ ពេលមកដល់ស្តុបនាងគង្ហីងក៏ឈប់ស្រាប់ពេលនោះមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2C-3483 បើមកពីក្រោយហើយមិនដឹងថា រថយន្តកើតអីបានរេចង្កួតមកបុករ៉ឺម៉កគាត់ពីក្រោយប៉ើងទៅបុកជាមួយបង្គោលភ្លើងស្តុបតែសំណាងល្អគាត់ទាំងពីរមិនគ្រោះឡើយ ហើយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅកៀរថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកភ្នំពេញ 2V-2117 បណ្ដាលឲ្យខួចមួយចំហៀងខាងស្ដាំហើយរថយន្តមិនឈប់ក៏បើកមកដល់មុខសាលាបាក់ទូកទើបចាប់បាន។
ហើយបើតាមសំដីឈ្មោះ ហេង ពន្លឺ ភេទប្រុសអាយុ៣៣ឆ្នាំមានមុខរបរជាអ្នកបើករថយន្តបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តដើរដឹកកម្មករតាមបណ្ដាយផ្លូវ២១៧ ពីកើតទៅត្បូងពេលមកជិតដល់ស្តុបស្រាប់តែរថយន្តជាន់ហ្វាំងមិនស៊ី ដោយសារបែកក្រប៉ែនហ្វ្រាំង ទើបគាត់ខ្លាចបុកមនុស្សក៏ព្យាយាមគេចតែគេចមិនផុតក៏បុកគេ។
បច្ចុប្បន្នរថយន្តបង្កនិងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅចរាចរណ៍ក្រុង ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ។ ចំណែកម៉ូតូរ៉ឺម៉កគេដោះស្រាយជួសជុលឲ្យវិញ៕
មតិយោបល់