ព័ត៌មានជាតិ

Update ៖ លោកប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ចម្នាក់ បើករថយន្តម៉ាក Ford ផ្លាកលេខរដ្ឋ បុកស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់..

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ១៤ ៣កែងផ្លូវ៣០០ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ស្រ្តីម្នាក់ ជិះម៉ូតូដួល ត្រូវរថយន្តស៊េរីទំនើប បុកពីក្រោយអូសជាង២០ម៉ែត្រ បណ្ដាលឲ្យស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។

ស្រ្តីរងគ្រោះ មិនស្គាល់ឈ្មោះ អាយុជាង ៤០ឆ្នាំ។ ចំណែកអ្នកបើករថយន្តបង្កឈ្មោះ ឈន វឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច ស្នាក់នៅសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1DA-1264 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ១៤៣។ មកដល់ចំណុចកើតហេតុ មិនដឹងថា ជនរងគ្រោះជិះម៉ូតូប៉ះ ឬបុកនឹងអ្វីទេ បណ្ដាលឲ្យដួល ស្របពេលនោះ ក៏មានបុរសម្នាក់ បើករថយន្តម៉ាក Ranger (ហ្វតរ៉េងជើ) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ រដ្ឋ10-2-0735 មកពីក្រោយ ក្នុងល្បឿន ចាប់ហ្វ្រាំមិនទាន់ ជ្រុលទៅបុកចំក្បាលស្ត្រីរងគ្រោះ និងអូសម៉ូតូចម្ងាយប្រហែលជា២០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ភ្លាមៗនោះ អ្នកបើករថយន្តបង្ក ក៏ត្រូវប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់