ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បងថ្លៃស្រីកញ្ញាសាសា អតីតពិធីការិនី និងតារាសម្ដែង មានវិបត្តិគ្រួសារ ប៉ុនប៉ងលោតសម្លាប់ខ្លួន ពីស្ពានអាកាស៧មករា

ភ្នំពេញ: ស្ត្រីម្នាក់ត្រូវជាបងថ្លៃស្រីរបស់កញ្ញា សាសា អតីតពិធីការិនី និងតារាសម្ដែង ព្រោះតែមានវិបត្តិ ក្នុងគ្រួសារ បានផឹកស្រាស្រវឹង រួចគិតខ្លី ប៉ុនប៉ងលោតសម្លាប់ខ្លួន ពីលើស្ពានអាកាស៧មករា តែមិនបានសម្រេច ខណ:ដែល កំពុងធ្វើការដំណើរ នៅលើរថយន្តជាមួយកញ្ញាសាសា។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២កណ្ដាលអធ្រាត្រថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងលើស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ ស្រីម៉ូ អាយុ៣២ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គាត់និងប្តីរបស់គាត់ បានបើកបរម៉ូតូ១គ្រឿង ម៉ាក YAMAHAAEROK ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HY-7589 ទើបតែជិះចេញមកពីកម្មវិធីខួបកំណើតគេ នៅផ្សារដើមថ្កូវ ហើយបម្រុងជិះត្រឡប់ទៅផ្ទះវិញ នៅឯទួលគោក ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាហាយឡាក់រីវ៉ូរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-2556 បើកបរដោយស្ត្រី២នាក់ ក្នុងទិសដៅស្របទិសគ្នា ដែលអ្នកបើករថយន្តខាងលើ គឺជាអតីតពិធីការិនី និងតារាសម្ដែងកញ្ញា សាសា។

ប្រភពដដែល បានបន្ថែមថា រថយន្តខាងលើ បើកបរក្នុងស្ថានភាព រេពេញផ្លូវ ហើយបានឈប់ៗ ប៊ិះកៀរម៉ូតូប្តីប្រពន្ធពីរនាក់គាត់ថែមទៀតផង។ ខណ:នោះ ស្រាប់តែមានស្ត្រីម្នាក់ ដែលជាអ្នករួមដំណើរ ជាមួយកញ្ញាសាសា បានបើកទ្វាររថយន្ត ស្ទុះចេញមកខាងក្រៅ រត់ឡើងលើបង្កាន់ដៃស្ពានអាកាស៧មករា បំណងលោតសម្លាប់ខ្លួន តែត្រូវប្តីស្ត្រីជិះម៉ូតូខាងលើ បានផ្តួលម៉ូតូរបស់ខ្លួនចោល ហើយស្ទុះទៅជួយចាប់ឃាត់ស្ត្រី ដែលគិតខ្លីទាន់ពេលវេលា ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ភ្លាមៗតែម្ដង។

តាមសម្តីពីកញ្ញាសាសា អតីតពិធីការិនី និងតារាសម្ដែង បាននិយាយថា ស្ត្រីដែលគិតខ្លីនោះ ត្រូវជាបងថ្លៃរបស់កញ្ញា។ នៅមុនកើតហេតុ បងថ្លៃស្រីកញ្ញា បានផឹកស្រាស្រវឹង ព្រោះតែគាត់មានវិបត្តិ ក្នុងគ្រួសាររឿងប្តីលួចមានស្រី។ ដោយសារបងថ្លៃស្រវឹង មិនអាចបើករថយន្តបាន កញ្ញាក៏សម្រេចបើករថយន្តដឹកបងថ្លៃ ចេញពីហាងផឹកស៊ីមួយកន្លែង ជូនត្រឡប់ទៅផ្ទះវិញ។

ខណ:កំពុងធ្វើដំណើរតាមដងផ្លូវ គឺបងថ្លៃកញ្ញា បានបម្រុងបើកទ្វារលោតចុះពីលើរថយន្តពីរទៅបីដង រួចមកហើយ តែត្រូវបានកញ្ញាចាប់ទាញដៃជាប់ និងនិយាយលួងលោម។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែបងថ្លៃ ស្ទុះបើកទ្វាររថយន្ត ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើស្ពានអាកាស៧មករាតែសំណាងល្អ ក៏ត្រូវបានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ រត់មកជួយចាប់ឃាត់ទាន់។

ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ធ្វើការអប់រំណែនាំស្ត្រី ដែលមានវិបត្តិក្នុងគ្រួសារ រួចមកកញ្ញាសាសាអតីតពិធីការិនី និងតារាសម្ដែង ក៏បានឡើងបើករថយន្ត ដឹកស្ត្រីបងថ្លៃបន្តដំណើរចេញពីកន្លែងកើតហេតុបាត់ទៅ៕

មតិយោបល់