ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ ពិសិដ្ឋ ក្ដាប់តំណែងណែនដៃ ក្រោយចូលហង្សមាស

ខុសពីពិធីករចំណូលថ្មី នៅក្នុងទ្រនំធំដូចជាហង្សមាសជាដើម ដែលត្រូវបានថ្នាក់ដឹកនាំប្រគល់កម្មវិធី ឲ្យចេញមុខរបៀបស្ទាបស្ទង់ សម្រាប់ពិធីករហង្សមាសថ្មីស្រឡាង លោក ពៅ ពិសិដ្ឋ ប្អូនប្រុសតារាសម្ដែង កញ្ញា ពៅ លីដា បែរជាត្រូវបានហង្សមាសដាក់ឲ្យចេញមុខក្នុងកម្មវិធីធំៗប្រចាំស្ថាប័នតែម្ដង។ លោកត្រូវគេឃើញ លេចមុខជាពិធីករ ជាមួយពិធីករ និងពិធីការិនីចាស់វស្សា និងក្ដោបក្ដាប់មិនតិចជាង៤ កម្មវិធីនោះឡើយ ក្នុងមួយសប្ដាហ៍ ដែលនេះ គឺជាតួលេខចេញមុខមិនធម្មតា សម្រាប់ពិធីករចំណូលថ្មីរបស់ហង្សមាស ខណ:ដែលលោកគ្រាន់តែជាតារាសម្ដែង មិនមែនជាពិធីករអាជីព។

រយ:ពេលប្រមាណ ២ខែចុងក្រោយ តារាសម្ដែង លោក ពៅ ពិសិដ្ឋ លេចមុខយ៉ាងសកម្ម ក្នុងតំណែងជាពិធីករថ្ មីប្រចាំហង្សមាស។ កម្មវិធីដែលលោកចេញមុខ សុទ្ធតែជាកម្មវិធីបន្តផ្ទាល់ និងជាកម្មវិធីដែលចាប់ដៃគូជាតារាល្បីៗ ដូចជា អ្នកនាង គង់ សុជាតិ លោក ជា វិបុល អ្នកនាង ច័ន្ទ កែវនិមល លោក សុខ រ៉ាស៊ី កញ្ញា ថន លក្ខិណា លោក នាង វ៉ាងសាន់ និង កញ្ញា ប៉ែន ស្រីពេជ្រ។ វត្តមានរបស់លោកនៅហង្សមាស គឺជាការឈានឡើង ថែមមួយកម្រិតទៀត នៅក្នុងអាជីពជាតារាសិល្ប:រូបនេះ បន្ទាប់ពៅបានក្លាយជាតារាឡើងកូដ នៅក្នុងអាជីព ជាតារាសម្ដែង និងដើរម៉ូដែល។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺលោក ពៅ ពិសិដ្ឋ មិនធ្លាប់ធ្វើឲ្យមហាជនចាប់អារម្មណ៍ថា ពូកែអត្ថាធិប្បាយនោះទេ ប៉ុន្តែនៅពេលឡើងឆាកបន្តផ្ទាល់ នៅពេលកាន់ក្បាលមេក្រូ ប៉ះជាមួយពិធីករ ពិធីការិនីឆ្នើមៗ លោកបែរជានិយាយបានល្អ ហើយទាក់ទាញ។ ទេពកោសល្យរស់រវើក ព្រមជាមួយនឹងរូបរាងដ៏សង្ហារផង កាន់តែធ្វើឲ្យ លោក ពៅ ពិសិដ្ឋ លេចធ្លោ ក្នុងរយ:ពេលចុងក្រោយ នៅហង្សមាស។

ប្រភពពីទូរទស្សន៍ហង្សមាស បញ្ជាក់ថា លោកពៅ ពិសិដ្ឋ ត្រូវបានថ្នាក់ដឹកនាំ និងម្ចាស់ស្ពុនស័រ ពេញចិត្តទេពកោសល្យ ក្នុងការអត្ថាធិប្បាយកម្មវិធី ដែលលោកចេញមុខកន្លងមកយ៉ាងខ្លាំង ដោយហង្សមាសនឹងគ្រោងផ្ដល់កម្មវិធីឲ្យលោកចេញមុខ កាន់តែច្រើនទៀតនោះផង។ អ៊ីចឹងហើយទើបតារារូបនេះ កាន់តែមានការកោតសរសើរថា ពិតជាជោគជ័យមិនគួរឲ្យជឿក្នុងឆ្នាំ២០២០នេះ ដោយសារតែក្នុងការសម្ដែង គឺបានឡើងតំណែងជាតួឯក ដោយរកតែកម្លាំងទទួលការងារមិនបានហើយ ស្រាប់តែមកលេចធ្លោក្នុងអាជីពថ្មី គឺពិធីកររបស់ហង្សមាសបែបនេះទៀត។

យ៉ាងណាមិញ លោក ពៅ ពិសិដ្ឋ ធ្លាប់បានប្រកាសថា លោកមិនចោលការសម្ដែង និង ដើរម៉ូដនោះទេ បើទោះជាលោកជោគជ័យខ្លាំង ក្នុងអាជីពថ្មីនៅហង្សមាស។ លោកក៏ត្រូវបានគេបង្ហើបថា នឹងមានឱកាសសម្ដែងជាតួឯក ក្នុងរឿងភាគថ្មីរបស់ហង្សមាសផងដែរ បន្ទាប់ពីចូលកាន់តំណែងជាពិធីករហង្សមាសបែបនេះ៕

មតិយោបល់