ព័ត៌មានជាតិ

មុខសញ្ញាជួញដូរដ៏សកម្ម និងជនសង្ស័យចំនួន ៥៦នាក់ នៅតំបន់បឹងកក់ ត្រូវសមត្ថកិច្ច ចុះបង្ក្រាបឃាត់ខ្លួន ដកហូតបានគ្រឿងញៀនជាច្រើន

ភ្នំពេញ: យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀន សរុប៥៦នាក់ និងថ្នាំញៀន៤២កញ្ចប់ នៅតំបន់បឹងកក់ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ក្រោយពីទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជា ឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅតំបន់បឹងកក់ឱ្យមាន ប្រសិទ្ធភាព។ តំបន់បឹងកក់ជាតំបន់សំណង់មិនរៀបរយស្មុគស្មាញដោយគ្រឿងញៀន។ ប្រជាពលរដ្ឋតែងតែរិះគន់ពីសកម្មភាពលក់ចែកចាយគ្រឿងញៀននៅតំបន់នោះ។
ការបង្រ្កាបគ្រឿងញៀនកម្លាំងនគរបាលការិយាល័យជំនាញធ្វើឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមការដឹកកម្លាំងផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមាន ការសម្របសម្រួលនីតិវិធីពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យគ្រឿងញៀនទាំង៥៦នាក់ ក្នុងនោះមុខ សញ្ញាជួញដូរគ្រឿងញៀនប្រុសស្រី៥នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៥១នាក់។ ជាមួយនិងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន សមត្ថកិច្ចដកហូតមធ្យោបាយម៉ូតូ២៣ គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
លោកឧត្តមសេនីយ៍ស្នងការរងប្រាប់ឱ្យដឹងទៀតថា ការបង្រ្កាប ជនសង្ស័យគ្រឿងញៀននៅតំបន់បឹងកក់ គឺកម្លាំងនគរបាលការិយាល័យជំនាញនិងកម្លាំងនៅតាមខណ្ឌ ជាប់និងភូមិសាស្រ្តបឹងកក់ និងចាប់ផ្តើមរឹតបន្តឹងអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនឱ្យបានតឹងរឹងបំផុត ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននៅ តំបន់បឹងកក់មានការថយចុះ។ តំបន់នោះកន្លងមកកម្លាំង សមត្ថកិច្ច ក៏បានធ្លាប់ចេញប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនជាច្រើនរួចហើយផងដែរ។

សូមបញ្ជាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញកាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងជម្រុញឱ្យកម្លាំងនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ត្រូវបន្តចេញប្រតិបត្តិការបង្រ្កាបបទ ល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពដើម្បីរក្សាសន្តិសុខសុវត្ថិភាពសង្គមកាន់តែប្រសើរ។
ជាពិសេសក៏បានជម្រុញឱ្យចាត់វិធានការដោះស្រាយបញ្ហាគ្រឿងញៀននៅតំបន់បឹងកក់ ដែលជាតំបន់មានសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនបង្កភាពភ័យខ្លាច ទៅដល់ប្រជាពលរដ្ឋ។

ក្នុងវិធានការដោះស្រាយបញ្ហាគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានព្រមានដល់លោកអធិការតាមបណ្តាខណ្ឌនានាត្រូវអនុវត្តនៃការបង្រ្កាប គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកឡើងពីការដាក់វិន័យក្នុងករណីដែលសកម្មភាពបទល្មើសគ្រឿងញៀនកើតឡើងនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ជាពិសេសតាមក្លឹប និងរង្គសាលធំៗ មិនរាយការណ៍និងមិនធ្វើការបង្រ្កាបគ្រឿងញៀន៕


មតិយោបល់