ភ្នំពេញៈ ក្រសួងបរិស្ថាន តាមរយៈក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ហៅកាត់ថា ក.ជ.អ.ច. បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) បន្តកិច្ចសហកាជាមួយរយៈពេល៥ឆ្នាំទៅមុខទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា
តាមរយៈការធានាឱ្យបាននូវតុល្យភាពរវាង សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌របស់ជាតិបានបន្ត វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute-GGGI) ដែលធ្វើឡើងនៅទីស្តីការក្រសួងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅដោយបរិយាកាសស្និតស្នាលព្រមទាំងចុះហត្ថលេខាដោយផ្ទាល់ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកស្រី Srabani Roy ប្រធានកម្មវិធីប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់GGGI ជាតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ភាគីទាំងពីរក៏បានពិចារណាភាពបន្ស៊ីគ្នារវាងគោលបំណងនិងតួនាទីនៃស្ថាប័នទាំងពីរសម្រាប់បន្តកិច្ចដំណើរនេះឱ្យមានប្រសិទ្ធភាពថែមទៀត។
សូមរំឭកថា ក្រសួងបរិស្ថាន និង វិទ្យាស្ថាន GGGI ធ្លាប់ជាភាគីដៃគូសហការនៅក្នុងអនុស្សារណៈនៃការយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបៃតងតាំងពីឆ្នាំ ២០១១ ហើយត្រូវផុតសុពលភាពក្នុងឆ្នាំ២០១៦នេះ ប៉ុន្តែភាគីទាំង២បានបន្តអនុស្សារណៈនៃការយោគយល់សម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត។
លើសពីនេះអនុស្សារណៈនៃការយោគយល់ថ្មីនេះក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ កម្មវិធីការសិក្សាស្រាវជ្រាវ និងសកម្មភាពរួមសំដៅគាំទ្រដល់ការកសាងសមត្ថភាព ដោយរៀបចំផែនការ និងការអនុវត្តការអភិវឌ្ឍបៃតងសម្រាប់ប្រទេសកម្ពុជា៕
មតិយោបល់