ព័ត៌មានជាតិ

បុគ្គលិកប្រាសាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៦

កំពង់ធំៈ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរបួសធ្ងន់-ស្រាល៤នាក់ ខូចខាតម៉ូតូ០២គ្រឿង ។

ជនរងគ្រោះឈ្មោះ ប៉ុល ផល្លា ភេទស្រីអាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់ បើកបរ ម៉ូតូម៉ាក Suzuki nex ពណ៌ស ផ្លាកលេខកំពង់ធំ1N.6913 បានរងរបួសបាក់ជើងខាងឆ្វេង កូនរួមដំណើរជាមួយឈ្មោះ លី លក្ខិណា ភេទប្រុស អាយុ០៦ឆ្នាំ មុខរបរសិស្ស របួសស្រាល ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1F.3695 បើកបរដោយឈ្មោះ ជា ស៊ិម ភេទប្រុស អាយុ២១ឆ្នាំនៅ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកសិករ របួសស្រាល អ្នករួមដំណើរម្នាក់ទៀតឈ្មោះ សួន សៅ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ កសិករ របួសធ្ងន់ផ្នែកក្បាល មិនពាក់មួកសុវត្ថិភាព ។ ម៉ូតូខាងលើមានទិសដៅបញ្ច្រាសគ្នា ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះផងដែរ ។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបរម៉ូតូ Suzuki nex ឈ្មោះ ប៉ុល ផល្លា បទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែងនិងយកវត្ថុតាងមករក្សាទុក រង់ចាំដោះស្រាយគ្នា តាមនីតិវិធីច្បាប់ ៕

មតិយោបល់