កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បុរស២នាក់ ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ បានបុកគូថរថយន្ត ដែលនៅខាងមុខពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៧និង១០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ របួសធ្ងន់មាន២នាក់ ទី១.ឈ្មោះ អូ ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករឡឥដ្ឋ ស្នាក់នៅក្នុងឡឥដ្ឋ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FU-2096 និងទី២.ឈ្មោះ ស្រី កក្ដដា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិស្វាយអាត់លើ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ជាអ្នករួមដំណើរ ។
ចំណែករថយន្តម៉ាវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2F-5741 អ្នកបើកបររត់គេចបាត់ខ្លួន បាត់ស្រមោល ។
ប្រភពដដែលបន្តថា នៅមុនកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងឈប់មិនទាន់ បានបុកគូថរថយន្តម៉ាកវីហ្គោពេញមួយទំហឹង ដែលបើកនៅខាងមុខស្របទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ២នាក់ខាងលើ ទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុក ចុះពិនិត្យ និងវាស់វែងរួច កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់