ព័ត៌មានជាតិ

បុរសពោះម៉ាយកូន១ សង្ស័យខឹងសុំស្នេហ៍ស្ត្រីមេម៉ាយកូន២ ពុំបាន ប៉ងសម្លាប់ តែមិនសម្រេច

ភ្នំពេញៈ កាលពីម៉ោង ៦និង០០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីបុរសម្នាក់ សង្ស័យខឹងរឿង សុំស្នេហ៍អ្នកមេម៉ាយកូន២ មិនបាន ស្រាប់តែយកដែកកែឆ្នៃ ចាក់ទៅលើស្ត្រីរងគ្រោះជាច្រើនជាច្រើនកន្លែង ដោយប៉ងសម្លាប់ ប៉ុន្តែមិនបានសម្រេច។

ជនសង្ស័យឈ្មោះ ហូរ លីលីន អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត (ពោះម៉ាយកូន១) ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តកំពង់ចាមពោះម៉ាយកូន១។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ម៉ា លីណា ហៅល័ក្ខ អាយុ២៩ឆ្នាំ មុខរបរបញ្ចាំម៉ូតូ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាស្រ្តីមេម៉ាយកូន២។

តាមសម្ដីជនសង្ស័យ បានឲ្យដឹងថា ស្ត្រីរងគ្រោះ និងខ្លួនធ្លាប់មាន ទំនាក់ទំនងស្រទ្បាញ់គ្នា ជិត១ឆ្នាំហើយ តែដោយសារមានរឿងឈ្លោះប្រកែកគ្នា ក្រោយក៏បានផ្ដាច់ទំនាក់ទំនងគ្នា មួយរយៈ។

ប្រភពដដែលបន្តថា នៅមុនកើតហេតុ ខ្លួនបានចេញពីកន្លែងធ្វើការ នៅម្តុំផ្លូវម៉ៃដា (ផ្លូវ២០០៤) មកផ្ទះជនរងគ្រោះ នៅភូមិកើតហេតុ ដោយជនរងគ្រោះ កំពុងអង្គុយជិតទ្វារខាងមុខ បន្ទាប់មកជនសង្ស័យ បានឈរនិយាយជាមួយជនរងគ្រោះថា «បងយកម៉ូតូមកបញ្ចាំ» ជនរងគ្រោះ ក៏បាននិយាយប្រាប់ថា «អត់ទទួលទេ»។

ក្រោយមកជនសង្ស័យ បាននិយាយបន្តទៀតថា «អូនហូបបាយរួចនៅ ហើយរាល់ថ្ងៃអូន មាននឹកបងដែរទេ» តែជនរងគ្រោះ អត់និយាយជាមួយជនសង្ស័យនោះទេ គឺបានដើរចេញ ពេលនោះខ្លួន ក៏បានយកដែកកែឆ្នៃមកចាក់ទៅលើស្ត្រីរងគ្រោះចំពោះជាច្រើនកន្លែង។

ភ្លាមៗនោះបងប្អូនជនរងគ្រោះ ក៏រត់ចេញមក ចាប់ឃាត់ជនសង្ស័យ ហើយទាក់ទងទៅសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលតែម្ដង។ ចំណែកជនរងគ្រោះ ត្រូវបានបងប្អូននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យជិតកន្លែងកើតហេតុ។

ក្រោយការសាកសួរ របស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តទៅលើជនរងគ្រោះប្រាកដមែន ទើបសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់