ព័ត៌មានជាតិ

តុលាការកាត់ទោសជនជាតិ​ ចិនតៃវ៉ាន់៣នាក់ និងខ្មែរម្នាក់ រឿងជួញដូរគ្រឿងញៀន ជិត១គីឡូកន្លះ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស បុរសជនជាតិចិនតៃវ៉ាន់ ៣នាក់ (ម្នាក់កំពុងរត់គេចខ្លួន) និងស្រ្តីខ្មែរម្នាក់ ពីបទជួញដូរគ្រឿងញៀន ជិត២គីឡូក្រាម និងការកាន់កាប់ អាវុធដោយខុសច្បាប់ ។

ជនជាប់ចោទជាជនជាតិចិនតៃវ៉ាន់ ទាំង៣នាក់រួមមាន ទី១ឈ្មោះ Kang Ching Chen ហៅកាំង អាយុ៥០ឆ្នាំ (កំពុងរត់គេចខ្លួន) ទី២ឈ្មោះ លី យ៉ុនហ្វូ ហៅហេង សុខសាន្ត អាយុ៤៦ឆ្នាំ និងទី៣ ឈ្មោះ Tai Chih Hsing អាយុ៤៣ឆ្នាំ។ ចំណែកជនជាប់ចោទជាស្ត្រីខ្មែរ មានឈ្មោះ ហង្ស ជីងជីង អាយុ២៥ឆ្នាំ ។

ជនជាប់ចោទទាំង ៤នាក់ ត្រូវបានលោក ស៊ិន វីរៈ តំណាងអយ្យការចោទប្រកាន់ពីបទ ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន និងបទកាន់កាប់អាវុធ ដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅកាស៊ីណូណាហ្គាវើល បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមប្បញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះTai Chih Hsing បានបដិសេធថាមិនបាន ដឹងរឿងគ្រឿងញៀនទេ ព្រោះខ្លួនមកកម្ពុជា ដើម្បីទិញឬសថ្នាំចិនសែ។ ជនជាប់ចោទបន្តថា ខ្លួនបានទៅស្នាក់នៅ ណាហ្គាវើល ដោយសារបានស្គាល់ ជនជាតិចិនតៃវ៉ាន់ម្នាក់ ឈ្មោះ កាំង ដែលជាអ្នកជួលបន្ទប់ឲ្យ ស្នាក់នៅតំលៃ១០០ដុល្លារ ក្នុងមួយយប់។ Tai Chih Hsing និយាយថា ឬសថ្នាំចិនសែនេះ មានតម្លៃពី២ម៉ឺន ទៅ៣ម៉ឺនដុល្លារក្នុង១គីឡូក្រាម។

ចំណែកជនជាប់ចោទឈ្មោះ លី យ៉ុនហ្វូ ហៅ ហេង សុខសាន្ត ថានៅថ្ងៃចាប់ខ្លួន នគរបាល បានរកឃើញថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហេរ៉ូអ៊ីន និងមានអាវុធខ្លី មួយដើមម៉ាកបេរេតា នៅនឹងខ្លួនគេមែន ប៉ុន្តែឈ្មោះ លី យ៉ុនហ្វូ បានបដិសេធថា មិនបានជួញដូរគ្រឿងញៀនទេ ហើយគ្រឿងញៀន ដែលរកឃើញក្នុងបន្ទប់គាត់ គឺដើម្បីប្រើប្រាស់ ផ្ទាល់ខ្លួនប៉ុណ្ណោះ ចំពោះអាវុធវិញ គឺមានគេយកមកបញ្ចាំ។

ជនជាប់ចោទឈ្មោះ ហង្ស ជីងជីង និយាយថា នៅព្រឹកថ្ងៃ២៤ ខែមករា ឆ្នាំ២០១៦ មានបុរស់ម្នាក់ឈ្មោះ ឆ ជូរ បានទូរស័ព្ទហៅឲ្យនាង ទៅយកកញ្ចប់តែ នៅស្តុបពេទ្យចិន ទៅឲ្យចិនឈ្មោះ កាំង នៅណាហ្គាវើល។ ជីងជីង បានបដិសេធថា ខ្លួនមិនពាក់ព័ន្ធគ្រឿងញៀនទេ ហើថាហេតុផលមួយទៀត ដែលគាត់ទៅយកកញ្ចប់តែនោះ ដោយសារគាត់ត្រូវទៅ ទារលុយពីបុរសជនជាតិ តៃវ៉ាន់ ឈ្មោះ កាំង នោះក្រោយពីគាត់ បានដេកជាមួយនាង កាលពីយប់ដោយឈ្មោះ កាំង បានសន្យាឲ្យតម្លៃខ្លួន២០០ដុល្លារ។

តាមលទ្ធផលពិសោធន៍ ដែលបានអានក្នុងសវនាការ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) និងហេរ៉ូអ៊ីន ត្រូវបានបែងចែកជា បួនសំណាក ដោយសរុបទាំងអស់ចំនួនជិត ១,៥០០ក្រាម ហើយសំណាក នីមួយៗសុទ្ធតែ មានសារធាតុញៀនទាំងអស់។ សុំរឿងនេះត្រូវបានលោក រស់ ពិសិដ្ឋ លើកពេលទៅប្រកាស សាលក្រមព្រឹកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ៕

photo_2016-08-31_15-41-44

មតិយោបល់