កណ្តាលៈ កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីមានជនសង្ស័យ២នាក់ ចូលទិញស្រោមដៃអ្នកលក់ថ្នាំពេទ្យមួយកន្លែង រួចដកកាំបិតភ្ជង់ចងម្ចាស់ជាប់នឹងជើងគ្រែ ហើយធ្វើសម្មភាពលួចយកទ្រព្យសម្បត្តិអស់រាប់ពាន់ដុល្លារ នៅចំណុចភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកជនរងគ្រោះឈ្មោះ ស្រី ផល្លី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរអ្នកលក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
សម្ភារៈបាត់បង់មាន៖ ប្រាក់ខ្មែរ២,០០០,០០០រៀល ប្រាក់ដុល្លារ២.៥០០ដុល្លារ ខ្សែកផ្លាកទីន០២ខ្សែ កងដៃផ្លាកទីន០២កង ចិញ្ចៀនផ្លាកទីន០២វង់ ។
ដំណើររឿង៖ នៅវេលាកើតហេតុខាងលើ មានជនសង្ស័យ០២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាក វ៉េវ ពណ៌ក្រហម មិនចាំផ្លាកលេខ មកឈប់នៅមុខផ្ទះជនរងគ្រោះ ដែលជាផ្ទះលក់ថ្នាំពេទ្យ ហើយជនសង្ស័យម្នាក់អង្គុយចាំនៅលើម៉ូតូ និងម្នាក់ទៀតចុះពីលើម៉ូតូដើរសំដៅចូលក្នុងផ្ទះ រួចសួរនាំជនរងគ្រោះ ដែលកំពុងមើលកូនតូចដេកនៅក្នុងអង្រឹង ដើម្បីទិញថ្នាំពេទ្យនិងស្រោមដៃ ហើយជនសង្ស័យបានយកស្រោមដៃមកពាក់ រួចហុចប្រាក់២០ដុល្លារឲ្យជនរងគ្រោះ យកលុយអាប់ ពេលជនរងគ្រោះកំពុងរកលុយ ស្រាប់តែជនសង្ស័យយកកូនកាំបិតចិតបន្លែមកភ្ជង់ ជនរងគ្រោះហើយនាំចូលទៅក្នុងបន្ទប់ដេក ហើយស្រែកគំរាមឲ្យជនរងគ្រោះប្រាប់កន្លែងដាក់លុយ និងសម្ភារៈមានតម្លៃ ថែមទាំងវាយជនរងគ្រោះ១ដៃចំពោះនិងចាប់ចងជនរងគ្រោះ ទៅនឹងជើងគ្រែដេក រួចកកូរ ករកាយទូយកលុយនិងសម្ភារៈ រួចហើយបានចេញមកក្រៅឡើងជិះម៉ូតូទៅទិសខាងត្បូងបាត់ ទើបជនរងគ្រោះខំរើបម្រះស្រាយចំណងរួច ភ្លាមៗនោះជនរងគ្រោះបានរាយការណ៍ ទៅសមត្ថកិច្ច ចុះទៅធ្វើកំណត់ហេតុ ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យទាំង២នាក់ ចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់