កណ្ដាលៈ កាលពីវេលាម៉ោង ១១ និង០០ នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីឃាត់ខ្លួនជនសង្ស័យ យកទៅប្រគល់ជូនសមត្ថកិច្ច ពាក់ព័ន្ធនឹងអំពើលួច (ម៉ូតូ)។
ប្រព្រឹត្តកាលពីវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះស៊ុន លាងហ៊ួរ ភូមិក្រោម ឃុំព្រែកអញ្ចាញ។
ជនរងគ្រោះឈ្មោះ សឿង ដានី ភេទស្រី អាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករលើកឥដ្ឋដាក់ឡាន ស្នាក់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ វ៉ា ឈុនលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរឡានដឹកឥដ្ឋ ទីលំនៅភូមិខ្ចៅ ឃុំស្វាយព័ន្ធ ស្រុកកងមាស ខេត្តកំពង់ចាម (ឃាត់ខ្លួន)។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HF.3600 ចំនួន០១គ្រឿង។ វត្ថុតាងចាប់យក ៖ គ្មាន
ដំណើររឿង៖ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យ បានបើកឡានដឹកឥដ្ឋ ជាមួយជនរងគ្រោះ និងប្ដីរបស់ជនរងគ្រោះ ឲ្យម្ចាស់ ឡានឈ្មោះ ដាំ ធូរ បានរយៈពេល ១០ថ្ងៃ ជនសង្ស័យ ក៏ឈប់ធ្វើការ ហើយទៅស្រុកកំណើតវិញ។ លុះមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧ និង៣០នាទីព្រឹក ជនសង្ស័យ បានចេញពីផ្ទះ បំណងមកជួបជនរងគ្រោះ សុំចូលធ្វើការវិញ ប៉ុន្តែជនរងគ្រោះមិននៅ ដោយជាប់ចេញឡានដឹកឥដ្ឋឲ្យគេ។ ពេលនោះជនសង្ស័យ ឃើញម៉ូតូរបស់ជនរងគ្រោះខាងលើ ទុកនៅកន្លែងកើតហេតុ ជនសង្ស័យក៏បានយកកូនសោ ដែលខ្លួនបានចម្លងទុក ពីមុន យកមកចាក់ម៉ូតូជនរងគ្រោះ ពេលនោះចុងភៅឈ្មោះ រស់ ដែលនៅឡឥដ្ឋរបស់ឈ្មោះ ស៊ុន លាងហ៊ួរ បានសួរថា៖ (ទៅណា) ជនសង្ស័យឆ្លើយថា ៖(មកយកម៉ូតូឱ្យឈ្មោះ ចយ ត្រូវជាប្ដីជនរងគ្រោះ)។
ក្រោយពីយកបានម៉ូតូរួច ជនសង្ស័យបានជិះម៉ូតូនោះចេញទៅបាត់តែម្ដង លុះដល់ម៉ោង១៤ និង០០នាទី ជនរងគ្រោះបានមកពីដឹកឥដ្ឋឲ្យគេវិញ ហើយបានចូលទៅយកម៉ូតូ របស់ខ្លួន ដែលទុកនៅកន្លែងកើតហេតុ ស្រាប់តែបាត់មិនឃើញ ក៏សួរឈ្មោះហៃ ងួន ដែលត្រូវជាកូនប្រសាររបស់ឈ្មោះ ស៊ុន លាងហ៊ួរ ហើយឈ្មោះហៃ ងួន បានប្រាប់ថា៖ ម៉ូតូនោះត្រូវបានឈ្មោះ វ៉ា ឈុនលី យកជិះទៅបាត់ហើយ។ ក្រោយពីដឹងថា ជនសង្ស័យ យកម៉ូតូរបស់ខ្លួនទៅបាត់ នៅវេលាម៉ោង១៧ និង៣០ នាទីជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ដើម្បីស្វែងរកជនសង្ស័យ។ លុះនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០វេលាម៉ោង ១១ និង០០ នាទី ជនសង្ស័យបានបើកឡានដឹកឥដ្ឋ មកដល់ចំណុចយានដ្ឋានជួសជុលរថយន្តហេងហេង ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ដើម្បីដូរកង់ឡាននៅទីនោះ ហើយពេលនោះ ជនរងគ្រោះ បានទទួលព័ត៌មានពីមិត្តភក្ដិ ក៏បានហៅឈ្មោះដាំ ធូរ ទៅជួយឃាត់ខ្លួនជនសង្ស័យ បន្ទាប់មកប្រគល់ជនសង្ស័យ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកអញ្ចាញ។
ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ និងជំនាញធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះប្រាកដមែន ដោយខ្លួនបានជិះទៅខេត្តសៀមរាប ពេលទៅដល់នៅវេលាម៉ោង០៥ទៀប ភ្លឺនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យ បានជួបឈ្មោះប៊ុន លី អ្នករាប់អានគ្នា នៅម្ដុំផ្សារដំដែក បានសុំការងារគេធ្វើ ហើយឈ្មោះ ប៊ុនលីបាននាំជនសង្ស័យ ទៅធ្វើការកម្មករឡឥដ្ឋ ឱ្យឈ្មោះតេក នៅខេត្តសៀមរាបនោះ បានរយៈពេល១០ថ្ងៃ ហើយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យ បានខ្ចីលុយពីថៅកែឡឥដ្ឋ នៅទីនោះចំនួន ២០ម៉ឺនរៀល ដោយប្រាប់ម្ចាស់ឡានឥដ្ឋថា ខ្លួនមានធុរៈ ក្រោយពីបានលុយជនសង្ស័យ បានធ្វើដំណើរមកស្រុកកំណើតរបស់ខ្លួនវិញ នៅ ខេត្តកំពង់ចាម ។ ចំណែកម៉ូតូដែលខ្លួនលួច យកទៅនោះ ខ្លួនបានផ្ញើទុកនៅឈ្មោះ នី ជាកម្មករឡឥដ្ឋដូចគ្នា ដោយម៉ូតូខូចជិះមកវិញអត់រួច។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ៕
មតិយោបល់