កណ្តាលៈ កាលពីវេលាម៉ោង៥និង១០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ករណីជនសង្ស័យ២នាក់ បានធ្វើសកម្មភាពវាយយកម៉ូតូសន្តិសុខក្រុមហ៊ុន 7NG ម្នាក់ ចំណុចផ្លូវ 383 មុខឡឥដ្ឋ ជិតសាលាឆទានព្រះគន្លង ស្ថិតនៅក្នុងភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អេង ចាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុន 7NG មានទីលំនៅភូមិរកាទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនសង្ស័យ០២នាក់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ។
សម្ភារៈបាត់បង់៖ ម៉ូតូ១គ្រឿងម៉ាក C១២៥ស៊េរី២០១៩ ពាក់ផ្លាកលេខ កណ្តាល 1AE-២២២៣ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនទៅធ្វើការនៅក្រុមហ៊ុន 7NG លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ មានជនសង្ស័យ២នាក់ ជិះម៉ូតូតាមពីក្រោយ ។ ពេលជិះមកជិត ជនសង្ស័យបានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយជនរងគ្រោះពីក្រោយ បណ្តាលឲ្យដួលផ្កាប់មុខ រួចពួកវាលើកម៉ូតូជនរងគ្រោះ ជិះតាមផ្លូវជាតិលេខ៨ឆ្ពោះទៅស្ពានព្រែកតាមាក់ បាត់ស្រមោលតែម្តង ។
ករណីនេះ កម្លាំងសមត្ថកិច្ចផ្នែកជំនាញបានចុះទៅអន្តរាគមន៍ បន្តស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់