ព័ត៌មានជាតិ

ធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ថៃ ស្លាប់និងរបួស៥នាក់

បាត់ដំបងៈ មានមនុស្ស៥នាក់ស្លាប់ និងរងរបួស ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿង ជាប្រភេទយន្តហោះសម្រាប់ជួល ឬម៉ៅរបស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលថៃ កាលពីវេលាម៉ោង៤និង២៧ នាទីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយវត្តឡាំប្រាក់អុង ក្នុងតំបន់ណងចក ប្រទេសថៃ។

អ្នកឃើញហេតុការណ៍ បាននិយាយថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានយន្តហោះខ្នាតតូច មួយគ្រឿង បានធ្លាក់ដាំក្បាលចូលទៅក្នុងទឹកអូរ ដែលធ្វើឲ្យផ្នែកខាងក្បាលយន្តហោះបាក់បែកខ្ទេចខ្ទី។

នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះដែរ ក្រោយពីកម្លាំងសមត្ថកិច្ច និងក្រុមបង្ការ ពន្លត់ អគ្គិភ័យបានចេញទៅអន្តរាគមន៍ គេសង្កេតឃើញថា មានមនុស្សចំនួន៥នាក់ ដែលជិះនៅក្នុងយន្តហោះនេះ ហើយក្នុងនោះផងដែរ គឺមានបុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ផងដែរ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យវេតការុណរ៉ាត់ ដែលនៅជិតទីតាំងកើតហេតុ។

តាមការអះអាងពីក្រុមជំនាញ បានបញ្ជាក់ថា យន្តហោះនេះ គឺជាប្រភេទយន្តហោះឈ្នួល ខ្នាតតូចសម្រាប់ឲ្យប្រជាពលរដ្ឋជួល ឬម៉ៅជិះជាលក្ខណៈគ្រួសារតែម្តង ដែលជារបស់ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលថៃ TRB 106 ដែលបានចេញដំណើរពីខេត្តណាក់ខន រ៉ាចស៊ីម៉ា ឆ្ពោះទៅកាន់ខេត្តសុវណ្ណភូមិ ហើយក៏បានជួបនឹងឧបទ្ទវហេតុតែម្តង។ ប៉ុន្តែ គេមិនទាន់ហ៊ានអះអាងនៅឡើយទេថា តើការធ្លាក់យន្តហោះនេះបណ្តាលមកពីអ្វីនោះទេ ដោយបច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ៕

image2image3image4image5image6image1photo_2016-08-02_15-39-50

មតិយោបល់