ព័ត៌មានជាតិ

អង្គភាពសឹករងស្រុកឆែប រងការចោទប្រកាន់ថា រំលោភយកដីសហគមន៍ព្រៃឈើ

ព្រះវិហារៈ ​តាម​សេចក្តីរាយការណ៍​​ឲ្យដឹងថា ​ថ្មីៗ​នេះ ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ឆែប ​បាន​រំលោភ​យក​ដី​សហគមន៍​ព្រៃឈើ​ក្រសាំងទំហំ​កន្លះ​ហិកតា ​ដោយ​គ្មាន​ឯកសារ​ស្នើសុំ​ពី​សាលាខេត្ត​ សាលាស្រុក​ឆែប​ ការិយាល័យ​ភូមិបាល​ស្រុក​ឆែប មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម ​សំណង់​ និង​សុរិយោដី​ខេត្ត​ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​អ្វី​ទ្បើ​យ​។​ ដី​កំពុង​មាន​​ទំនាស់​នេះ​ ទំហំ​១០០​ម៉ែត្រ ​គុណ​៥០​ម៉ែត្រ​ ស្ថិតនៅ​ភូមិ​គុណភាព​ឃុំ​ឆែប​២​ ស្រុក​ឆែប ​ខេត្តព្រះវិហារ​។

​ភ្នាក់ងារ​ បានឲ្យដឹង ​នៅ​ព្រឹក​ថ្ងៃទី​០២​ សីហា​២០១៦​ថា​ ការរំលោភ​យក​ដី​សហគមន៍​ព្រៃឈើ​ក្រសាំង​នេះ​ បង្កឲ្យមាន​ការ​និយាយ​រិះគន់​ជាច្រើន​ពី​សំណាក​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​ស៊ីវិល​ជុំវិញ ​ស្រុក​ឆែប​ ដោយសារ​សហគមន៍​ព្រៃឈើ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចុះបញ្ជី​ការពារ​ និង​អភិរក្ស​រួចរាល់​ហើយ​។​ អតីត​បន្ទាយ​អង្គភាព​សឹក​រង​ឆែប​ជិត​សាលាស្រុក​ឆែប​ត្រូវ​បាន​លក់​ថ្លៃ​រាប់ម៉ឺន​ដុល្លារ​អាមេរិក ​ជំនាន់​អតីត​សព​លោក​ សោម​ បុប្ផារ័ត្ន​ ក៏​ប្តូរ​ទីតាំង​ទៅ​ធ្វើ​បន្ទាយ​ថ្មី​ លើដី​ធំ​ទូលាយ​មានរឿង​អាស្រូវ​ មួយ​កន្លែង​ទៀត​ស្ថិតនៅ​ចំណុច​អូរ​ចង្ហា​ ហើយក៏​​ឃុបឃិត​គ្នា​លក់​ចេញ​ជា​លើក​ទី​២​ ថែមទៀត​។

ប្រភព​ដដែល ​បានបន្ដទៀត​ថា​ លុយ​ជាច្រើន​ម៉ឺន​ដុល្លារ​អាមេរិក​ ដែល​លក់​បន្ទាយ​បាន​ទាំង​២​លើក​ មិនដឹង​ប្រធាន​អង្គភាព​សឹក​រង​ឆែប​ យកទៅ​ទុក​ឯណា​ទេ! ​ក៏​ទៅ​ចាប់យក​ដី​សហគមន៍​ព្រៃឈើ​ក្រសាំង​ឆៅៗ​ តែម្តង​ដោយ​យក​លេស​ប្រាប់​ទៅ​អាជ្ញាធរ​ដែនដី​ថា ​ដី​ដែល​រំលោភ​យក​នេះ​ ដើម្បី​កសាង​ បន្ទាយ​សឹក​រង​ឆែប​ ជា​លើក​ទី​៣ ​ក្រោម​ការគ្រប់គ្រង​រប​ស់​លោក​ ទ្បុ​ង ​សុ​ធឿន​ ទើប​ទ្បើង​កាន់​តំណែង​ថ្មី ​បន្ត​ពី​មេបញ្ជាការ​សឹក​រង​ឆែប​ចាស់​។​ ប្រជា​សហគមន៍​ព្រៃឈើ​ក្រសាំង​បាន​ស្នើ​សុំ​លោក ​អ៊ុ​ ម៉ា​រ៉ា​ អភិបាលខេត្ត​ព្រះវិហារ​ ដើម្បី​អន្តរាគមន៍​ដក​ហូត​យក​ដី​ខាងលើ​មកវិញ ​ប៉ុន្តែ​មកដល់​ពេលនេះ ​ស្ងាត់ឈឹង​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទេ​។

​ប្រជា​សហគមន៍​ព្រៃឈើ​ក្រសាំង​ បាន​ឲ្យ​ដឹងថា ​លោក​បាន​ធ្វើ​លិខិតតវ៉ា​ដ​ល់​លោក​អភិបាល​ស្រុក​ឆែប​ និង​អភិបាលខេត្ត​ព្រះវិហារ​រួចរាល់​ហើយ​ កាលពីពេល​ថ្មីៗ​នេះ​ ដើម្បីឲ្យ​លោក​ជួយ​អន្តរាគមន៍​ដក​ហូតយក​ដី​ខាងលើ​មកវិញ​។​

ប្រជាពលរដ្ឋ​និយាយថា​ មានតែ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ឆែប​មួយ​ប៉ុណ្ណោះ​ដែល​ហ៊ាន​រំលោភ​យក​ដី​សហគមន៍​ព្រៃឈើ ​ក្រសាំងទំហំ​ទទឹង​៥០​ម៉ែត្រ​គុណ​បណ្តោយ​១០០​ម៉ែត្រ ​បើ​ទោះបី​អាជ្ញាធរ​ស្រុក​ឆែប​ និង​អង្គភាព​រដ្ឋ​ពាក់ព័ន្ធ​មិន​អនុញ្ញាត​ប្រគល់​ចំណែក​ដី​សហគមន៍​នេះ​ឲ្យ​ក៏​ដោយ​។

មេបញ្ជាការ​ង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​មួយ​រូប​ បាន​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ លោក​មិនទាន់​បានដឹង​រឿងរ៉ាវ​នេះ ​នៅ​ទ្បើ​យ​ទេ​ ចាំ​លោក​ស៊ើបសួរ​ទៅកាន់​លោក​ ទ្បុ​ង ​សុ​ធឿន ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ឆែប ​សិន​ថា ​តើ​ពិត​ដូចជា​ការចោទ​ប្រកាន់​យ៉ាង​ណា​ដែរ​ ប៉ុន្តែ​ក្រោយមក​ស្ងាត់​ដំណឹង​ឈឹង​។ ​ចំណែក​ ​លោក​ សុខ សាន្ត​តារា ​អភិបាលស្រុក​ឆែប​ បាន​ឆ្លើយ​ប្រាប់​​នៅ​ព្រឹក​ថ្ងៃទី​០២​សីហា​នេះ​ថា​ លោក​កំពុង​ជាប់រវល់​ប្រជុំ​ ចាំ​លោក​ទូរស័ព្ទ​មកវិញ ​ដើម្បី​បំភ្លឺ​អំពី​ការ​រំលោភ​យក​ដី​សហគម​ន៍​ក្រសាំង​ខាងលើ ​ប៉ុន្តែ​ស្ងាត់ឈឹង​មកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​។

​ករណីនេះដែរ ​យើង​មិនអាច​​​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ​ទ្បុ​ង ​សុ​ធឿន​ បានទេ​ពាក់ព័ន្ធ​នឹង​ប្រភព​ព័ត៌មាន​ចោទប្រកាន់​អង្គភាព​របស់​គាត់​ខាង​លើនេះ​ ដោយ​អាជ្ញាធរ​មិន​ហ៊ាន​ប្រាប់​លេខ​ទូរស័ព្ទ​របស់​គាត់​ដល់​អ្នកសារព័ត៌មាន។

​គួរ​បញ្ជាក់ថា​ សព្វថ្ងៃនេះ​ ខេត្តព្រះវិហារ​កំពុង​ល្បីល្បាញ ​និង​រំជើបរំជួល​ខ្លាំង​ទៅលើ​កម្លាំង​សមត្ថកិច្ច​មួយ​ក្តាប់​តូច​កំពុង​មាន​មហិច្ឆតា​ និង​អាង​ស្បែក​ខ្លា​ ដើរ​រំលោភ​យក​ដី​ព្រៃឈើ​រដ្ឋ​ហាមឃាត់​មក​ធ្វើជា​ដី​កម្ម​សិទ្ធ​បុគ្គល​ និង​អង្គភាព​ដោយសារតែ​អាជ្ញាធរ​ដែនដី​មិន​ហ៊ាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ និង​ទប់ស្កាត់​ដក​ហូតយក​ដី​រដ្ឋ​ទាំងនោះ​មកវិញ​នោះ​ទ្បើ​យ​៕

13898342_315458175472375_235976956_ok7

មតិយោបល់