ព័ត៌មានជាតិ

ល្បិចថ្មី! បងប្អូនប្រុងប្រយ័ត្ន ជនសង្ស័យ យកជំពាមបាញ់បំបែកកញ្ចក់រថយន្ត លួចយកទ្រព្យសម្បត្តិ

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង២០នាទី ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ករណីអំពើលួចមានស្ថានទម្ងន់ទោស (យកជំពាមបាញ់បំបែកកញ្ចក់រថយន្តលួចយកកាបូប ) ។

លោក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានបញ្ជាក់ថា មានករណីអំពើលួចមានស្ថានទម្ងន់ទោស (យកជំពាមបាញ់បំបែកកញ្ចក់រថយន្តលួចយកកាបូប) ។
ជនរងគ្រោះឈ្មោះ ញឹម ហាក់ ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

ករណីខាងលើបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ចំនួន០២នាក់និងម៉ូតូ០១គ្រឿង ។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច បម្រុងគេចខ្លួនតែត្រូវជនរងគ្រោះតាមទាន់ ស្រែកឲ្យគេជួយ ពេលនោះជនសង្ស័យបានទម្លាក់កាបូប និងម៉ូតូចោល រត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងដកហូតម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ដើម្បីរៀបចំបណ្តឹងជូនជនរងគ្រោះ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូរបស់ជនសង្ស័យចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AU-6295 លេខតួ+លេខម៉ាស៊ីន: ៨៥៥៤៥៥០ និងសោកែច្នៃសម្រាប់កាច់សោកម៉ូតូ ចំនួន០២ដើម, ដែកចុងស្រួចចំនួន០២ដើម ។

ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញ បន្តធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាដែលកំពុងរត់គេចខ្លួន ៕

មតិយោបល់