ព័ត៌មានជាតិ

​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវ​​ ជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាវេលាម៉ោង ៩:៣០ នាទីយប់នេះ!

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតទី៧ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាវេលាម៉ោង ៩:៣០ នាទីយប់ថ្ងៃ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022) ។

ក្រុមកម្ពុជាទើបនឹងប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ បារ៉ែន ដោយលទ្ធផល ០ទល់៨ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។

ក្រុមកម្ពុជាកំពុងបន្តការហ្វឹកហាត់រៀងរាល់ថ្ងៃ ដើម្បីត្រៀមការប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ។ កាលពីជើងទី១ នៅឆ្នាំ២០១៩ ពេលម្ចាស់ផ្ទះ កម្ពុជា ជួបជាមួយក្រុមអ៊ីរ៉ាក់ គឺកម្ពុជាបានប្រកួតចាញ់ក្រុមអ៊ីរ៉ាក់ ដោយលទ្ធផល ០ទល់៤។

ក្រុមជម្រើសជាតិកម្ពុជាមានសមាសភាពកីឡាករ២៤នាក់ ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose និងអ្នកចាត់ការទូទៅ លោក Keisuke Honda នឹងត្រូវបន្ត១ប្រកួតចុងក្រោយនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅក្នុងពូល C វគ្គជម្រុះជុំទី២នេះ។ កាលពីជើងទី១ ឆ្នាំ២០១៩ ពេលកម្ពុជា ក្នុងឋាន:ជាក្រុមភ្ញៀវបានប្រកួតចាញ់ក្រុមអ៊ីរ៉ង់ ដោយលទ្ធផល ០ទល់១៤។ តាមការគ្រោងទុក នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតសន្សំពិន្ទុ ក្នុងពូលC នេះ គឺក្រុមកម្ពុជាបានធ្លាក់ចេញត្រឹមជុំទី២នេះ ហើយដោយឆ្លងកាត់៦ប្រកួត ស្មើ១ប្រកួត និងចាញ់៥ប្រកួត ដោយឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម៥ក្រុម គឺបារ៉ែន អ៊ីរ៉ាក់ អ៊ីរ៉ង់ ហុងកុង កម្ពុជា)។ ដូច្នេះហើយ ២ប្រកួតចុងក្រោយក្នុងពូល C របស់ក្រុមកម្ពុជា គឺជាប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។ ប៉ុន្តែទោះយ៉ាងនេះក្តី គ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose បានលើកឡើងថ្មីៗនេះថា ទោះជួបជាមួយក្រុមខ្លាំងៗយ៉ាងណាក្តី ក៏ក្រុមកម្ពុជាមិនស្ទាក់ស្ទើរក្នុងការប្រជែងជាមួយពួកគេឡើយ ហើយយើងនៅតែបង្ហាញឆន្ទ:ដ៏មុះមុត ក្នុងការប្រកួតប្រជែង ជាពិសេសគឺដាក់ឱ្យយុវជនវ័យក្មេងៗលេងបានច្រើន ដើម្បីគោលដៅឆ្ពោះទៅប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នាពេលខាងមុខ ៕

 

 

មតិយោបល់