ព័ត៌មានជាតិ

រថយន្តដឹកចំណីសត្វ បើកបុករថយន្តដឹកថ្ម និងលុចស៊ីសរងការខូចខាត នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: រថយន្តចំនួន ៣គ្រឿងបើកបុកគ្នាពេញទំហឹង រងការខូចខាតខ្ទេច មួយគ្រឿងខ្ទេចកាប៊ីន តែមិនណ្តាលឲ្យមានអ្នករងរបួសឡើយ កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ ឈ្នះ ច្រកចូលផ្លូវបេតុងវត្តភ្នៀត ស្ថិតក្នុងភូមិស្រែតេជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េបែន យីឌុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-5355 ដឹកថ្ម បើកតាមផ្លូវបេតុងវត្តភ្នៀត ពីលិចទៅកើត ឆ្លងមហាវិថីឈ្នះ ឈ្នះ បំណងបត់ឆ្ពោះទៅជើង មិនទាន់ផុតផង ស្រាប់តែរថយន្ត កូរ៉េ យីឌុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ឆ្នូត ពាក់ផ្លាកលេខ កំពង់ធំ 3A-0976 ដឹកចំណីសត្វ បើកល្បឿនលឿនពីជើងទៅត្បូង ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុក ពីទទឹងរថយន្តដឹកថ្ម និងបុកប៉ះ រថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកលុចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU-1401 ដែលបើកទន្ទឹម ជាមួយ រថយន្តដឹកចំណីសត្វ ស្របទិស ។

ហេតុការណ៍ខាងលើ រថយន្តដឹកចំណីសត្វ បុកគាបជាប់ ខ្ទេចកាប៊ីន របេះគរឿងទាំងដុំៗ រថយន្តលុចស៊ីស បែកកញ្ចក់ ខ្ទេចផ្នែកខាងក្រោយ ហើយរថយន្តបែន រងខួចខាតដំណំ តែមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះពិនិត្យ សម្រួលចរាចរ វាស់វែងយករថយន្តទាំង ៣គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរជើងគោកស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់