ភ្នំពេញៈ បុរស២នាក់ស្លាប់ក្នុងលូបង្ហូរទឹកស្អុយ បន្ទាប់ពីបុរសម្នាក់លូនចូលតាមចាប់ទា តែមិនឃើញ ក៏មានបុរសម្នាក់ទៀតលូនចូលទៅតាម បែជាបាត់ទាំង២នាក់ មិនឃើញចេញមកវិញសោះអស់ជាច្រើនម៉ោងទៅហើយ ស្ត្រីជាប្រពន្ធដែលនៅអង្គុយចាំខាងក្រៅ ភ័យស្លន់ស្លោ រត់ទៅប្តឹងសមត្ថកិច្ច អាជ្ញាធរ ជួយអន្តរាគមន៍ រកវិធីកកាយ តាមស្វែងរក កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅក្នុង
ភូមិត្រពាំងវៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាកសពទាំង២នាក់ ទី១ ឈ្មោះ អៀង ចាន់អាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ ឃឿន សេន អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានកូនប្រុសម្នាក់ឈ្មោះ អៀង សេងអាង អាយុ៦ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ទី២ ឈ្មោះ ផាន់ សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅជាមួយគ្នា មានប្រពន្ធឈ្មោះ ឆា ស្រីទូច អាយ២០ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតជាមួយគ្នា ។
តាមស្ត្រីជាប្រពន្ធរបស់សពបុរសឈ្មោះ អៀង ចាន់អាន បានឲ្យដឹងថា ច្រើនលើកមកហើយ ពួកគាត់ទំនេរពីការងារ ឆ្លៀតមករកចាប់ត្រី ត្រង់ចំណុចខាងលើ ហើយនៅរសៀលថ្ងៃទី០៤ ខែមេសា នេះពួកគាត់បានឃើញសត្វទាមួយក្បាល រត់ចូលទៅក្នុងលូនោះ ពេលនោះប្តីរបស់គាត់ក៏លូនចូលទៅតាម បាត់យូរពេលមិនឃើញចេញ ត្រូវបាន ជនរងគ្រោះឈ្មោះ ផាន់ សីហា លូនចូលទៅតាម ហើយក៏បាត់រហូត អស់រយៈពេលច្រើនម៉ោងតែមិនឃើញចេញទាំង២នាក់ ភ័យស្លន់ស្លោ រត់ស្រែកឲ្យអ្នកភូមិជួយ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ឲ្យជួយរកវិធីស្វែងរកជនរងគ្រោះ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា លូបង្ហូររំដោះទឹកខាងលើ មុខកាត់០,៨០ម៉ែត្រ មានទឹក ពេលដែលជនរងគ្រោះលូនចូលទៅ បាត់រហូត សមត្ថកិច្ចដាក់គ្រឿងចក្រ កាយតាមស្វែងរក រហូតដល់វេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃដដែល ទើបប្រទះឃើញជនរងគ្រោះទាំង២នាក់ឈ្លក់ទឹកស្លាប់ ប្រមាណពីមាត់លូទៅជាង២០០ម៉ែត្រ ស្រង់យកចេញ ហើយដឹកយកទៅតំកល់ទុកនៅវត្តក្រង់ធ្នង់ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យកោសល្យវិច័យ ។
សពជនរងគ្រោះទាំង២នាក់ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យហើយ ស្លាប់ដោយឈ្លក់ទឹកលូ ម្យ៉ាង ចូលក្នុងលូ មិនមានខ្យល់ផង ហើយប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
មតិយោបល់