ព័ត៌មានជាតិ

Update៖ បុរសម្នាក់ផឹកស្រាស្រវឹង និងប្រើហិង្សា លុះប្រពន្ធរត់ចោល តូចចិត្តសម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់យកស្រាមកកំដរដួងចិត្ត ប្រើអំពើហិង្សាលើប្រពន្ធញឹកញាប់ រហូតដល់ទ្រាំលែងបាន ចុះចោលទៅស្នាក់នៅកន្លែងផ្សេង បែរជាតូចចិត្តខ្លួនឯង សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសចងកសម្លាប់ខ្លួនឈ្មោះ ទឹម ជឿន អាយុ ៣៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលចំណុចខាងលើ មានស្រុកកំណើត ភូមិរូង ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ចំណែកប្រពន្ធមានឈ្មោះ នាង ផល្លា អាយុ ៣៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ទើបតែបែកពីប្តី១១ថ្ងៃ ទៅស្នាក់នៅជាមួយ ប្អូន កូន នៅឯផ្ទះឡ ផ្លូវចោមចៅ មានស្រុកកំណើតជាមួយគ្នា និងមានកូនចំនួន ២នាក់ ប្រុស១នាក់ ស្រី១នាក់ ។

តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធ បានឲ្យដឹងថា គាត់រៀបការនឹងគ្នាអស់រយៈពេលជិត ២០ឆ្នាំហើយ ក្រោយពីនាំគ្នាមកធ្វើការនៅភ្នំពេញ ប្តីយកស្រាមកកំដរ ថ្ងៃណាក៏ផឹក បានស្រវឹងហើយ រករឿងឈ្លោះ ប្រើអំពើហិង្សា ច្រើនលើកមកហើយ លុះមកដល់យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅពេលយប់ ប្តីស្រវឹង ឈ្លោះរករឿង វាយ ទាត់ធាក់ ប្រដេញឲ្យទៅដេកក្រៅបន្ទប់ជួល ទើបទ្រាំលែងបាន សម្រេចប្រមូលខោអាវ ទៅស្នាក់នៅជាមួយប្អូនស្រី កូន នៅឯផ្ទះឡ តែប៉ុន្មានថ្ងៃមុននេះ ប្តីទូរស័ព្ទ និយាយលួងលោម ឲ្យគាត់វិលត្រឡប់មកវិញ តែគាត់មិនព្រម ខ្លាចហើយ ប្តីចេះតែប្រើអំពើហិង្សាយ៉ាងនេះ ស្រាប់តែនៅព្រឹកថ្ងៃទី០៦ ខែមេសា នេះ ក្មួយៗប្រាប់ថា ប្តីចងកស្លាប់ខ្លួន ។

តាមក្រុមគ្រួសារបានឲ្យដឹងថា មុនភ្ញាក់ផ្អើល កូនក្មួយ បានមកហៅ ដោយឃើញទ្វារបិទជិត តែពុំឮឆ្លើយ ទើបនាំគ្នាបង្ហើបបង្អួចមើល ប្រទះឃើញ បុរសរូបនេះចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ដោយយកកន្សែង ចងនឹងស្នួរឫស្សី ក្នុងបន្ទប់ ទើបនាំគ្នាឆោឡោ ប្រាប់ម្ចាស់ផ្ទះ ហៅក្រុមគ្រួសារ បងប្អូន ផ្អើលមកមើលតែម្តង ។

ជុំវិញករណីខាងលើ សមត្ថកិច្ចមូលដ្ឋាន ចុះទៅសាកសួរ និងរាយការណ៍ទៅជំនាញ ចុះធ្វើការពិនិត្យ កោសល្យវិច័យ ជាក់ស្តែង ចងកសម្លាប់ដោយខ្លួនឯង រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

មតិយោបល់