ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ២រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ម្ដុំស្ដុបផ្សារថ្នល់បត់ ក្នុងភូមិខ្វា សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ គណបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោកអភិបាលរងម្នាក់ បានចុះត្រួតពិនិត្យនៅទីតាំងហាងលក់កុំព្យូទ័រ និងអ៊ិនធឺណេតមួយកន្លែង យីហោ «វី អេ 2888» សង្ស័យមានបើកល្បែងស៊ីសងតាមប្រព័ន្ធអនទ្បាញ ដូចជា ជល់មាន់ ចាក់កន្ទុយលេខ ភ្នាល់បាល់ បើកលេងទាំងយប់ទាំងថ្ងៃ។
ជាលទ្ធផលពិតជារកឃើញទីតាំខាងលើ មានបង្កប់ល្បែងអនទ្បាញប្រាកដមែន អាជ្ញាធរ បានណែនាំម្ចាស់ទីតាំងខាងលើ រួមទាំងឲ្យធ្វើកិច្ចសន្យា បញ្ឈប់ការប្រព្រឹត្តបែបនេះតទៅទៀត។
សូមបញ្ជាក់ករណីខាងលើនេះ ប្រជាពលរដ្ឋ បានខ្សឹបប្រាប់ Post News ថា បើកយូរហើយ មានកូនអ្នកស្រុកអ្នកភូមិខ្លះ ក៏ធ្លាប់ចាញ់អស់លុយជាច្រើន ហើយកន្លងមក ក៏មានអ្នកសារព័ត៌មានមួយចំនួន ចុះទៅធ្វើការទ្បាយផងដែរ ប៉ុន្តែអាជ្ញាធរ ហាក់បីដូចជា មើលមិនឃើញទាល់តែសោះ ខណៈទីតាំងខាងលើជាទីប្រជុំជន មិនមែនបើកនៅផ្លូវក្នុងទេ សង្ស័យអស់លោក ពាក់វ៉ែនតាខ្មៅហើយមើលទៅ។
ពលរដ្ឋកំពុងមានចម្ងល់ថា ចំណាត់ការអាជ្ញាធរ ពេលនេះ តើអាចបិទទីតាំងខាងលើដែរទេ ឬមួយ គ្រាន់តែធ្វើឲ្យមហាជនល្អមើល ស្ងាត់ៗក៏បើកវិញធម្មតា តើភូមិឃុំមានសុវត្ថិភាព នៅត្រង់ណា ម៉្យាងវិញប្រហែលជាមិនមែនមានតែទីតាំងហ្នឹងទេ អាចមានកន្លែងផ្សេងទៀត មិនទាន់បង្ក្រាបអស់។
យ៉ាងណាមិញសារព័ត៌មាន Post News នឹងធ្វើការតាមដានបន្ថែមទៀត ទាក់ទងល្បែងអនទ្បាញ នៅក្នុងសង្កាត់ដង្កោ មកធ្វើការផ្សព្វផ្សាយបន្តទៀត ដើម្បីឲ្យអាជ្ញាធរបានដឹង និងចុះបង្ក្រាបទាន់ពេល ទាំងនេះគ្រាន់តែជាការរិះគន់ ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ៕
មតិយោបល់