ព័ត៌មានជាតិ

សាច់ជ្រូក គ្រឿងក្នុងជ្រូក និងជើងមាន់ ខូចគុណភាពជិត២តោន ត្រូវបានដុតកម្ទេចចោល!

ភ្នំពេញៈ ទំនិញ ផ្លែឈើ ត្រីសាច់ ខូចគុណជាច្រើនប្រភេទ បច្ចុប្បន្នត្រូវបានឈ្មួញធំៗទំនងត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចតាមព្រំដែន នាំចូលមកលក់ចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាហូរហែរ ។

ដោយឡែក ទំនិញខូចគុណភាពទាំងនេះ មួយចំនួនតូច ត្រូវសមត្ថកិច្ចបង្ក្រាបបាន និងមួយចំនួនទៀត មិនត្រូវបានបង្ក្រាបនោះទេ គឺបន្តលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញខ្លះ និងនៅតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា ដោយបងប្អូនប្រជាពលរដ្ឋមិនដឹងថា ទំនិញទាំងនេះខូចគុណភាពនោះទេ ។

ជាក់ស្តែង នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ សាច់ជ្រូក គ្រឿងក្នុងជ្រូក និងជើងមាន់ ខូចគុណភាព ប្រមាណជិត ២តោន ត្រូវបានសមត្ថកិច្ច ធ្វើការដុតកម្ទេចចោល នៅក្នុងបរិវេណ ទីលាន ចាក់សំរាម ជើងឯក ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ឲ្យ ដឹងថា សាច់ជ្រូក គ្រឿងក្នុងជ្រូក និងជើងមាន់ ខូចគុណភាព ប្រមាណជិត ២តោន ដែលត្រូវយកមកដុតកម្ទេចចោលនាថ្ងៃនេះ គឺត្រូវបានបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ។

សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា សាច់ជ្រូក គ្រឿងក្នុងជ្រូក និងជើងមាន់ ខូចគុណភាព ទាំងនេះ គឺឈ្មួញនាំចូលពីប្រទេសថៃ ដើម្បីយកមក លក់ចែកចាយនៅក្នុងរាជធានីភ្នំពេញខ្លះ និងនៅតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែព័ត៌មាននេះបាន លេចឮដល់ សមត្ថកិច្ចបើកការស្រាវជ្រាវ ចុះបង្ក្រាបទាន់ពេលវេលា កសាងសំណុំរឿងបញ្ជូនទៅស្ថាបនតុលាការ ចាត់ការតាមច្បាប់ ។ ចំណែក សាច់ជ្រូក គ្រឿងក្នុងជ្រូក និងជើងមាន់ ខូចគុណភាព ទម្ងន់ប្រមាណ ១៨៩០គីឡូក្រាម ត្រូវបានយកមកដុតកម្ទេចចោល នៅក្នុងបរិវេណ ទីលាន ចាក់សំរាម ជើងឯក ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចៀសវាងប្រជាពលរដ្ឋបរិភោគទៅនាំឲ្យប៉ះពាល់សុខភាព ៕

មតិយោបល់