ព័ត៌មានជាតិ

នរណាថាក្នាញ់ ប្រចណ្ឌតើ! ប្រពន្ធចាប់ទាញស្លឹកត្រចៀក ប្ដីស្មានតែទាញថើប ខំបណ្តោយក្បាលទៅអារ.កសោះ

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានហូរឈាមជោគពេញខ្លួន ព្រោះតែស្ត្រីជាប្រពន្ធបានចាប់ទាញស្លឹកត្រចៀកមកអារ.ក បង្កឲ្យមានការភ្ញាក់ផ្អើល។ហេតុការណ៍ហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី១៦ ខែមសា ឆ្នាំ២០២០ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ បុរសរងគ្រោះជាប្តីឈ្មោះ គុជ អាយុ ៤១ឆ្នាំ និងជនដៃដល់ជាប្រពន្ធឈ្មោះ ទឹម ម៉ៅ អាយុ ៣២ឆ្នាំ ។គ្រួសារនេះ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖ នៅយប់កើតហេតុ បុរសជាប្តីកំពុងផឹកស្រា រាំលេងសប្បាយជាមួយអ្នកភូមិ នៅពេលកំពុងអង្គុយផឹកសប្បាយនោះ ស្ត្រីជាប្រពន្ធបានដើរទៅជិតប្តីហើយចាប់ទាញស្លឹកត្រចៀក ពេលនោះប្តីស្មានតែចាប់ទាញស្លឹកត្រចៀក ក្នុងន័យក្នាញ់ចង់ថើបក៏ឱនក្បាលទៅ ស្រាប់តែស្ត្រីជាប្រពន្ធអារ.កនឹងផ្លែឡាម បណ្តាលឲ្យចេញឈាមជោគពេញខ្លួនដួលសន្លប់នៅនឹងកន្លែង ត្រូវបាននាំបញ្ជូនទៅមណ្ឌលសុខភាពអូរបីជាន់ជួយព្យាបាល និងសង្រ្គោះតែដោយឈាមហូរខ្លាំងពេកបុគ្គលិកមណ្ឌល បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ ចំណែកស្ត្រីជាប្រពន្ធត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ និងវរសេនាតូចការពារព្រំដែនលេខ៩១១ ចាប់ឃាត់ខ្លួន ។

លោកអធិការបានបន្តថា៖ តាមការសាកសួរចម្លើយ ស្ត្រីជាប្រពន្ធ បានសារភាពថា ចំពោះបញ្ហាខ្លួនយកផ្លែឡាមអារ.កប្តីនោះ ក៏ព្រោះតែខ្លួនស្រវឹងស្រា ហើយប្រចណ្ឌប្តី រួមទាំងចូលឆ្នាំគ្មានលុយផងនោះ ក៏មានចិត្តខឹងនឹងប្តី ។

បច្ចុប្បន្នជនសង្ស័យជាប្រពន្ធ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់