ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ អត់លុយឲ្យថ្លៃបន្ទប់ជួល ទៅគាស់តូបជាងទង ម្ចាស់ទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ បុរសម្នាក់បានធ្វើសកម្មភាព គាស់តូបលក់ដូរសម្ភារៈកូនក្មេង និងគាស់តូបជាងទង ប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាទៀបភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅផ្សារចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវម្ចាស់ភ្ញាក់ពីដំណេកទៅបើកទ្វារតូបទាន់ ឃើញក៏ចាប់ឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ ។

ជនសង្ស័យឈ្មោះ សឿន សាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះឈ្មោះ ធិ វិញ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងទង មានទីលំនៅបុរីធូ លន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ជនសង្ស័យលួចបានគ្រឿងត្បូង តែត្រូវសមត្ថកិច្ចដកហូតប្រគលទៅម្ចាស់វិញ។

ជនសង្ស័យបានសារភាព នៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាខុសមែន ដោយសារអត់លុយ ឃើញឱកាសល្អ នៅផ្សារចោមចៅមានសភាពស្ងាត់ ខ្លួនបានយកផ្លែដែកឆាបទៅឆ្កឹះគាស់ទ្វារតូប កំពុងតែធ្វើសកម្មភាព ស្រាប់តែម្ចាស់មកទាន់ចាប់ខ្លួនរួមនឹងវត្ថុតាងនាំយកទៅប៉ុស្តិ៍ ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់