ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ច សហការស្រាវជ្រាវឃាត់ខ្លួន ពីបទលួចយកលុយផ្ទះវីងផ្ទេរប្រាក់

ភ្នំពេញៈ កាលពីវេលាម៉ោង១៨និង០០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចយកលុយផ្ទះវីងផ្ទេរប្រាក់មួយកន្លែង នៅចំណុចក្នុងបុរីជីបម៉ុងផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ២នាក់៖១-ឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរមិនពិតប្រាកដ ២-ឈ្មោះ ខុត ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិសឡា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

ដំណើររឿង៖ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកលុយផ្ទះវីងផ្ទេរប្រាក់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នាវេលាម៉ោង១៨និង០០នាទី នៅចំណុចផ្ទះវីងផ្ទេរប្រាក់ផ្លូវលំ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅចំណុចកើតហេតុ មុខរបរបើកវីងផ្ទេរប្រាក់ ។

បន្ទាប់ពីកើតហតុរួច ជនរងគ្រោះបានបង្ហោះរូបភាពជនសង្ស័យ ដែលធ្វើសកម្មភាពបន្លំលួចយកលុយ នៅផ្ទះរបស់ខ្លួន តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃើញនឹងស្គាល់ភិនភាគជនសង្ស័យទាំង០២នាក់ ដែលឧស្សាហ៍ចេញចូលក្នុងមូលដ្ឋាន សង្កាត់ចាក់អង្រែលើ លុះមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី ស្រាប់តែឃើញជនសង្ស័យទាំង០២នាក់ ឈ្មោះ ប៊ុន ធី និង ឈ្មោះ ខុត ប៊ុនធឿន កំពុងដើរនៅចំណុចក្នុងបុរីជីបម៉ុង ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ។

បន្ទាប់មក ជនសង្ស័យត្រូវសមត្ថកិច្ច ប្រគល់ឲ្យទៅកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់