ព័ត៌មានជាតិ

Update៖ សូមឪពុកម្ដាយ ប្រុងប្រយ័ត្នចំពោះកូនៗ! ក្មេងប្រុសអាយុ ៥ឆ្នាំ កេះដែកកេះដុតក្រដាស់លេង ក្នុងបន្ទប់ឡៅតឿ បង្កជាអគ្គិភ័យឆេះផ្ទះ ផ្អើលទាំងថ្ងៃ

ភ្នំពេញៈ ផ្ទះល្វែងមួយកន្លែង ដែលមានលក់ និងជួសជុលទូរស័ព្ទ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការខូចខាតស្ទើរទាំងស្រុង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលម៉ោង១២និង៤០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល ។ម្ចាស់ខាងលើឈ្មោះព្រំ ចន្ថា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជួសជុលនិងលក់ទូរស័ព្ទដៃ។

មូលហេតុ៖ ផ្ដើមចេញពីកូនប្រុសម្ចាស់ផ្ទះអាយុ៥ឆ្នាំម្នាក់ កេះដែកកេះដុតក្រដាស់លេង នៅក្នុងបន្ទប់ឡៅតឿ ខណៈដែលឪពុកម្ដាយដេក នៅជាន់ផ្ទាល់ដី មិនបានចាប់អារម្មណ៍។

តាមសម្ដីពីម្ចាស់ផ្ទះ បានឲ្យដឹងថា នៅមុនកើតហេតុ កូនប្រុសគាត់ឈ្មោះ ព្រំ សុខហេង អាយុ៥ឆ្នាំ
បានឡើងទៅលេងលើឡៅតឿ ចំណែកគាត់ និងប្រពន្ធ បានដេកនៅជាន់ផ្ទាលដី។ លុះដល់ពេលកើតហេតុ កូនប្រុសគាត់ បានកេះដែកកេសដុតក្រដាស់លេង បណ្ដាលឲ្យឆាបឆេះពូក និងសម្ភារប្រើប្រាស់ផ្សេងទៀត នៅក្នុងបន្ទប់ឡៅតឿ ហើយឆេះរាលពេញក្នុងផ្ទះយ៉ាងរហ័សតែម្ដង។ ភ្លាមៗនោះកូនប្រុសគាត់ បានរត់ចុះក្រោម ទើបមិនបណ្ដាលឲ្យមានគ្រោះថ្នាក់។

ប្រភពដដែលបានបន្តថា នៅក្នុងហេតុការណ៍នោះ គាត់រួមជាមួយអ្នកជិតខាង បាននាំគ្នាពន្លត់ដែរ តែមិនរលត់ឡើយ រហូតមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ប៉ុន្តែទ្រព្រសម្បត្តិ នៅក្នុងផ្ទះ រួមមានទូរស័ព្ទដៃប្រហែលចំនួន៥០០គ្រឿង ,ពូក១តម្លៃជាង៣០០ដុល្លារ, កាតគ្រីម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១មួយគ្រឿង រួមជាមួយគ្រឿងបន្លាស់ទូរស័ព្ទជាច្រើន និងលុយកាក់ និងសម្ភារប្រើប្រាស់ដ៏ទៃទៀត ព្រមទាំងសម្លៀកបំពាក់ផង ត្រូវភ្លើងឆេះអស់។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលមានអគ្គិភ័យកើតឡើង កម្លាំងនគរបាលប៉ុស្តិ៍និងខណ្ឌកំបូល បានចេញអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ចេញទៅបាញ់ពន្លត់ រហូតដល់រលត់ទាំងស្រុង៕

មតិយោបល់