ព័ត៌មានជាតិ

បុរសម្នាក់ បង្កហិង្សាដោយចេតនា បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យម្នាក់ នៅចំណុចភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។

ជនរងគ្រោះ៖ ១-ឈ្មោះ ប៊ុត វន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរកសិករ (រងរបួសជាំកញ្ចឹងក ពីក្រោយ) ២-ឈ្មោះ ផល់ យ៉ាន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ (របួសកែងដៃខាងស្តាំនិងជាំក) ។ ចំណែកជនសង្ស័យឈ្មោះ ថៃ សារាជ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។ ជនរងគ្រោះនិងជនសង្ស័យ មានទីលំនៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដូចគ្នា ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៤និង០០នាទីល្ងា ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានមកផ្ទះស្រែកឡូឡារករឿង ជនរងគ្រោះ ឈ្មោះ ផល យ៉ាន ដែលត្រូវជាបងជីដូនមួយ នៅផ្ទះក្បែរគ្នា ហើយបានស្ទុះទៅចាប់ច្របាច់កឈ្មោះ ផល យ៉ាន រុញដួលទៅលើសាបថ្ម ពេលឃើញដូចនេះជនរងគ្រោះឈ្មោះ ប៊ុត វន គាត់បានរត់ចូលទៅជួយឃាត់ ត្រូវជនសង្ស័យរុញច្រានដួល ហើយវាយពីក្រោយ ត្រូវកញ្ចឹងក៤ដៃ បណ្តាលឲ្យរងរបួសជាំប៉ោងកញ្ចឹងកពីក្រោយ ។

ជនរងគ្រោះឈ្មោះ មុត វន ត្រូវបានក្រុមគ្រួសារយកទៅសម្រាក ព្យាបាលនៅមណ្ឌលសុខភាពទួលព្រេជ ពីព្រោះមានការឡើងសំពាធឈាមខ្លាំង ។ ករណីជនសង្ស័យខាងលើនេះ កម្លាំងជំនាញបានកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិវិធី ៕

មតិយោបល់